ព័ត៌មានជាតិ

ជំនុំជម្រះ អតីតមន្ត្រីយោធាផ្កាយ៣ ម្នាក់ ជាប់ពាក់ព័ន្ធការវាយប្រពន្ធចុង បង្ខាំងមនុស្សខុសច្បាប់ និងប្រើកាំភ្លើងគំរាម បាញ់សម្លាប់ ប្រពន្ធចុង និងកូនៗចុង

ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២២ បានបើកសវនាការជំនុំជម្រះ បុរសជាប់ចោទម្នាក់ ដែលជា អតីតមន្ត្រីយោធាផ្កាយ៣ ជាប់ពាក់ព័ន្ធការវាយប្រពន្ធចុង បង្ខាំងមនុស្សខុសច្បាប់ និងប្រើកាំភ្លើងគំរាមកូនៗ របស់ប្រពន្ធចុង ប្រព្រឹត្ត នៅក្នុងរាជធានីភ្នំពេញ កាលពីអំឡុងខែ តុលា ឆ្នាំ ២០១៩ និង ខែ កញ្ញា ឆ្នាំ ២០២១ ។

លោក ញឹម ពិសាល ជាប្រធានចៅក្រមប្រឹក្សាជំនុជម្រះ នៃ សាលាដំបូងរាជធានីភ្នំពេញ បានថ្លែងអោយដឹងនៅក្នុងអង្គសវនាការថាៈ ជនជាប់ចោទរូបនេះ មានឈ្មោះ ឡេង ប៊ុនស៊្រី ភេទប្រុស អាយុ ៥៦ ឆ្នាំ ជាអតីតៈ ជាមន្ត្រីយោធា។
លោកចៅក្រមពិសាល បានថ្លែងថាៈ នៅក្នុងសំណុំរឿងក្តីនេះ ជាប់ជាប់ចោទឈ្មោះ ឡេង ប៊ុនស្រ៊ី ត្រូវបានតំណាងអយ្យការចោទប្រកាន់ ចំនួនបទល្មើស រួមមាន៖ ទី ១- ចោទពីបទប៉ុនប៉ងឃាតកម្មប្រព្រឹត្តកាលពីអំឡុងខែតុលា ឆ្នាំ ២០១៩ ដែលបទល្មើសមានចែងតាមមាត្រា ២៧ និងមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ។ ទី២- ចោទពីបទបង្ខាំងមនុស្សដោយខុសច្បាប់ប្រព្រឹត្តកាលពីថ្ងៃទី ៥ ដល់ថ្ងៃទី ៧ កញ្ញា ឆ្នាំ ២០២១។ ទី៣- ចោទពីបទហិង្សាមនុស្សដោយចេតនាប្រព្រឹត្តដោយសហព័ន្ធតាមបញ្ញត្តិមាត្រា ២២២ នៃក្រមព្រហ្មទណ្ឌប្រព្រឹត្តកាលពីថ្ងៃទី ៦ កញ្ញា ឆ្នាំ ២០២១ និងទី៤- ចោទពីបទកាន់កាប់អាវុធដោយគ្មានការអនុញ្ញតប្រព្រឹត្តកាលពីថ្ងៃទី ៧ កញ្ញា ឆ្នាំ ២០២១។

រីឯទីតាំងប្រព្រឹត្តបទល្មើសទាំងនេះ គឺនៅផ្ទះលេខ ៤៩ ក្នុងភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដូចគ្នា។

លោកចៅក្រមបានបញ្ជាក់ថាៈ ជនជាប់ចោទឈ្មោះ ឡេង ប៊ុនស្រ៊ី ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ៩ ខែ កញ្ញា ឆ្នាំ ២០២១ តាមបណ្តឹងរបស់ឈ្មោះ ស៊ឹម ឡានី ភេទ ស្រី ជាអតីប្រពន្ធចុងរបស់គាត់ ដែលបានប្តឹងថា បានប្រើអំពើហិង្សា វាយប្រពន្ធ គម្រាមបាញ់សម្លាប់ប្រពន្ធ និង បានបង្ខាំង ប្រពន្ធនឹងកូនៗ របស់នាង ចំនួន៣នាក់ នៅក្នុងផ្ទះ អស់រយៈ ជាច្រើនម៉ោង។

នាពេលសវនាការ ជនជាប់ចោទ ឈ្មោះ ឡេង ប៊ុនស្រ៊ី ដែលមានវត្តមាន នៅក្នុង បន្ទប់ជំនុំជម្រះក្តី តុលាការ បានឆ្លើយបដិសេធយ៉ាងដាច់ អហង្ការ ចំពោះការចោទប្រកាន់រូបគាត់ ខាងលើនេះ ព្រមទាំងលើដៃស្បថស្បែរផងថា៖ គាត់មិនបានប្រព្រឹត្តអ្វី ដូចការចោទប្រកាន់របស់ជនរងគ្រោះ ជាអតីតប្រពន្ធនិង កូនៗ ចុងទាំង៣នាក់នោះទេ។

ឈ្មោះ ឡេង ប៊ុនស្រ៊ី បាននិយាយថាៈ ការចោទប្រកាន់របស់ជនរងគ្រោះ ទាំងប៉ុន្មានខាងលើនេះ គឺ ជារឿងមិនពិត តែមានចេតនា ដើម្បីទម្លាក់កំហុស និង ធ្វើបាបខ្លួន។

ឈ្មោះ ឡេង ប៊ុនស្រ៊ី បានសំណូមពរ ដល់ក្រុមប្រឹក្សាជំនុំជម្រះ សម្រេច ទម្លាក់ចោទប្រកាន់ និង ដោះលែង រូបគាត់អោយមានសេរីភាពវិញ។

ក៏ប៉ុន្តែ ជនរងគ្រោះ ឈ្មោះ ស៊ឹម ឡានី បានអះអាងចំពោះ មុខអង្គសវនាការ ជំនុំជម្រះ ថា៖ ជនជាប់ចោទពិត ជាបានវាយនាង និង យកកំាភ្លើង គម្រាម និង ប៉ុនប៉ង សម្លាប់រូបនាង ព្រមទាំង បានចាប់បង្ខាំងនាង និង កូនៗរបស់នាងពិតមែន មានទាំងអ្នកជិតខាង ឬ អាជ្ញាធរមូលដ្ឋាន បានដឹងលឺផងដែរ។

ជនរងគ្រោះ បានសំណូមពរ ដល់ដល់ក្រុមប្រឹក្សាជំនុំជម្រះ សម្រេច ផ្តន្ទាទោសដាក់ គុក អតីតស្វាមី ឈ្មោះ ឡេង ប៊ុនស្រ៊ី ទៅតាមច្បាប់ និង ទាមទារថ្លៃ ជម្ងឺចិត ចំនួន ៣៨ម៉ឺនដុល្លារអាមេរិកកាំង ពីជនជាប់ចោទ ។

សំណុំរឿងក្តីនេះ សាលាដំបូងរាជធានីភ្នំពេញ បានលើកពេលប្រកាសសាល ក្រម ទៅធ្វើ នៅថ្ងៃ ទី ១៨ ខែ សីហា ឆ្នាំ ២០២២ ខាងមុខនេះ ៕ ដោយៈ លីហ្សា

To Top