ភ្នំពេញ ៖ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម សម្រេចបាន៩ពាន់លានដុល្លារ នៅឆ្នាំ២០២១ និងសង្ឃឹមថា នៅឆ្នាំ២០២២នេះ អាចនឹងសម្រេចបាន ១២ពាន់លានដុល្លារ ។ នេះបើតាមលេខាមជ្ឈិមបក្ស និងជាប្រធានគណៈកម្មាធិការ មជ្ឈិមរណសិរ្សមាតុភូមិវៀតណាម។
សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃ ទី២៩ ខែកក្កដា ឆ្នាំ២០២២ បានអនុញ្ញាតឲ្យលោក ដុ វ៉ាន់ចៀន (Do Van Chien) លេខាមជ្ឈិមបក្ស និងជាប្រធានគណៈកម្មាធិការ មជ្ឈិមរណសិរ្ស មាតុភូមិវៀតណាម ព្រមទាំងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម ។
លោកដុ វ៉ាន់ចៀនបានកត់សម្គាល់យ៉ាងដូច្នេះថា “ទំហំពាណិជ្ជកម្មប្រទេសកម្ពុជា និងវៀតណាម សម្រេចបាន៩ពាន់លានដុល្លារ នៅឆ្នាំ២០២១ និងសង្ឃឹមថា នៅឆ្នាំ២០២២នេះ នឹងសម្រេចបាន ១២ពាន់លានដុល្លារ”។
សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងប្រសើរ លើគ្រប់វិស័យរវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ ដើម្បីជាឧត្តមប្រយោជន៍ សម្រាប់ប្រជាជាតិទាំងសងខាង មានជាអាទិ៍ ការសម្រេចបានកំណើន នៃពាណិជ្ជកម្មទ្វេភាគីគួរឲ្យកត់សម្គាល់ ហើយថ្មីៗនេះ ប្រទេសទាំងពីរក៏បានសហការគ្នា យ៉ាងជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដោយអាចបើកប្រទេសឡើងវិញ និងបានចាប់ផ្តើមសកម្មភាពសេដ្ឋកិច្ច និងទេសចរណ៍ឡើងវិញផងដែរ៕
ឆ្លៀតក្នុងឱកាសនោះ សម្តេចបានសម្តែង នូវការអបអរសារទរចំពោះ ការសម្រេចបាននូវអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីកម្មវិធីសហប្រតិបត្តិការ រវាងរណសិរ្សប្រទេសកម្ពុជា វៀតណាម និងប្រទេសឡាវ សម្រាប់ដំណាក់កាលឆ្នាំ២០២០-២០២៣។ សម្តេចមានសុទិដ្ឋិនិយមថា កម្ពុជា-វៀតណាម នឹងបន្តអនុវត្តអនុស្សរណៈ នៃការយោគយល់នេះ ឱ្យក្លាយទៅជាសកម្មភាព និងសមិទ្ធផលជាក់ស្តែង ដើម្បីផលប្រយោជន៍សម្រាប់ប្រជាជាតិទំាងសងខាង៕