ភ្នំពេញ៖ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា បានថ្លែងជំរុញឲ្យកម្ពុជា-វៀតណាម ខិតខំពង្រឹងពង្រីកទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ឲ្យកាន់រឹងមាំខ្លាំងក្លាថែមទៀត ដើម្បីទុកជាមរតកសម្រាប់កូនចៅជំនាន់នេះ និងជំនាន់ក្រោយទៀត។
នាឱកាសអនុញ្ញាតឲ្យលោក ដុ វ៉ាន់ចៀន គណៈលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានគណៈ កម្មាធិការមជ្ឈិមរណសិរ្ស មាតុភូមិវៀតណាម ចូលជួបសម្តែងការគួរសម នាថ្ងៃទី២៨ កក្កដា សម្តេច សាយ ឈុំ បានឲ្យដឹងថា ក្នុងរយៈពេល ៥៥ឆ្នាំកន្លងទៅ ប្រជាជននៃប្រទេសទាំងពីរបានឆ្លងកាត់ ដំណាក់កាលជាប្រវតិ្តសាស្រ្តជាច្រើន ដោយបានជួយគាំទ្រគ្នាទៅវិញទៅមក ដើម្បីបុព្វហេតុឯករាជ្យ អធិបតេយ្យភាព បូរណភាព និងការអភិវឌ្ឍ។
សម្ដេចបញ្ជាក់ថា «ប្រទេសទាំងពីរត្រូវតែខិតខំ ពង្រឹងពង្រីកទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការនេះ ឲ្យកាន់រឹងម៉ាំខ្លាំងក្លាថែមទៀត ដើម្បីទុកជាមរតកសម្រាប់ កូនចៅទាំងជំនាន់នេះ និងជំនាន់ក្រោយទៀត»។
លើសពីនេះ ប្រធានព្រឹទ្ធសភាបានវាយតម្លៃខ្ពស់ និងមានសេចក្តីពេញចិត្ត ជាខ្លាំងចំពោះចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនទាំងពីរនេះ ដែលបន្តរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែស៊ីជម្រៅមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងរឹងមាំយូរអង្វែង។
នាឱកាសនោះដែរ លោក ដុ វ៉ាន់ចៀន មានជំនឿថា ប្រទេសទាំងពីរខិតខំប្រឹងប្រែង កសាងខ្សែបន្ទាត់ព្រំដែន ប្រកបដោយការអភិវឌ្ឍ និងមានកិច្ចសហប្រតិបត្តិការល្អប្រពៃ។ ក្នុងសម័យកាលដែលមានសន្តិភាព ប្រទេសទាំងពីរនឹងបន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អនេះ ឲ្យបានកាន់តែរឹងម៉ាំបន្តបន្ទាប់ថែមទៀត។ រណសិរ្សមាតុភូមិវៀតណាម នឹងខិតខំប្រឹងប្រែងឲ្យអស់ពីកំលាំងកាយចិត្ត ដើម្បីបង្កើនកិច្ចសហការល្អជាមួយនឹងប្រជាជន និងថ្នាក់ដឹកនាំកម្ពុជា ៕