ព័ត៌មានជាតិ

មេបញ្ជាការ កងពលតូចលេខ៧០ ទទួលស្វាគមន៍ អនុព័ន្ធយោធាសាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសមនិងជម្រាបលា 

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជេីងគោក មេបញ្ជាការកងពលតូចលេខ៧០ បានទទួលស្វាគមន៍លោក វរសេនីយ៍ឯក ជុង ណាក់សាម (Chung Naksam) អនុព័ន្ធយោធានៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម និងជម្រាបលា បន្ទាប់ពីបានបំពេញបេសកកម្ម ការទូតយោធារយ:ពេល២ឆ្នាំនៅកម្ពុជា។

លោកវរសេនីយ៍ឯក ជុង ណាក់សាម បានរំលេចពីទំនាក់ទំនងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ក្នុងនោះលើវិស័យការពារជាតិ ប្រទេសទាំងពីរ បានចុះអនុស្សារណៈយោគយល់គ្នា, បានធ្វើការផ្លាស់ប្ដូរទស្សនកិច្ច រវាងគណៈប្រតិភូប្រទេសទាំងពីរ រួមនឹងកិច្ចសហការជាច្រើនទៀត ដែលកំពុងបន្តដល់បច្ចុប្បន្ន។

ជាការឆ្លើយតប លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានសម្តែងការវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង បំពេញបេសកកម្មការទូត របស់លោកវរសេនីយ៍ឯក ជុង ណាក់សាម ក្នុងរយៈកាលកន្លងមកនេះ ដែលពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពប្រទេសទាំងពីរ កម្ពុជា-កូរ៉េ។

លោកឧត្តមសេនីយ៍ឯក បានមានប្រសាសន៍បន្ថែមទៀតថា ថ្វីបើចំណងការរទូត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ មានរយៈពេលខ្លី ប៉ុន្តែកិច្ចសហប្រតិបត្តិការកន្លងមក ប្រទេសទាំងពីរ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ទាំងការវិនិយោគ និងការផ្លាស់ប្តូរពាណិជ្ជកម្ម ជាដើម។

ជាពិសេសលើកិច្ចសហប្រតិបត្តិការវិស័យយោធា និងមានការជួយឧបត្ថម្ភរបស់កូរ៉េ លើផ្នែកសន្តិសុខជាតិ, ការបណ្ដុះបណ្ដាលធនធានមនុស្ស, ការផ្តល់រថយន្ត គ្រឿងចក្រ ដែលបម្រើឱ្យការងារវិស្វកម្ម, អូប័រ, ឆ័ត្រយោង រួមនឹងសម្ភារៈការិយាល័យជាច្រើនទៀត។

ក្នុងនោះដែរ លោកមេបញ្ជាការកងពល ក៏បានស្វាគមន៍ ចំពោះអនុព័ន្ធយោធាថ្មី នៃសាធារណរដ្ឋកូរ៉េ ហើយតាមរយៈអនុព័ន្ធយោធាថ្មីនេះ កងទ័ពប្រទេសទាំងពីរ នឹងបន្តសហការគ្នាឱ្យកាន់តែជិតស្និទ្ធ ពិសេសការជួយបង្កើនសមត្ថភាព ដល់កងយោធពលខេមរភូមិន្ទ ឲ្យកាន់តែរីកចម្រើន៕

To Top