ព័ត៌មានជាតិ

ក្រសួងកសិកម្ម ចាប់យកវិស័យឯកជន ធ្វើជាដៃគូរយៈពេលវែង សម្រាប់អភិវឌ្ឍន៍វិស័យកសិកម្ម

ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា ក្រសួងខិតខំចាប់យកវិស័យឯកជន ដៃគូអភិវឌ្ឍ និងសហគមន៍កសិកម្ម ធ្វើជាដៃគូរយៈពេលវែង សម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម ដើម្បីឲ្យផលិតកម្មកសិកម្មកម្ពុជា កាន់តែមានសក្តានុពល។

នាឱកាសអញ្ជើញទស្សនកិច្ចនៅសាកលវិទ្យាល័យ Korea National Open University នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ លោក វេង សាខុន បានឲ្យដឹងថា បច្ចុប្បន្នកម្ពុជា ជាប្រទេសផលិតស្បៀង មិនត្រឹមតែសម្រាប់ផ្គត់ផ្គង់បានគ្រប់គ្រាន់តាមតម្រូវការក្នុងស្រុក និងធានាបាននូវសន្តិសុខស្បៀងប៉ុណ្ណោះទេ ប៉ុន្តែជាប្រទេសផលិតស្បៀងសម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សារអន្តរជាតិមាន៖ ស្រូវ អង្ករ ដំឡូងមី ចេក ស្វាយ ស្វាយ ចន្ទី និងកៅស៊ូ។

លោករដ្ឋមន្ដ្រីបញ្ជាក់ថា «ដើម្បីឲ្យផលិតកម្មកសិកម្មកម្ពុជា កាន់តែមានសក្តានុពល លទ្ធភាព សមត្ថភាព និងការប្រកួតប្រជែងទីផ្សារ នាំចេញដែលមាននិន្នាការ កាន់តែកើនឡើងខ្ពស់ ហេតុនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានខិតខំចាប់យកវិស័យឯកជន ដៃគូអភិវឌ្ឍ និងសហគមន៍កសិកម្ម ធ្វើជាដៃគូរយ:ពេលវែង សម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម»។

នាឱកាសនោះ សាកលវិទ្យាធិការ និង Dr. CHANG នាយកប្រតិបត្តិក្រុមហ៊ុន Orient Group បានសង្កត់ធ្ងន់ថា នេះគឺ ជាឧបនិស្ស័យ ដែលបាននាំឲ្យបានមកជួបគ្នា យល់យោគគ្នា មានទស្សន និស្ស័យដូចគ្នា និងសហការផ្តួចផ្តើមគំនិតបង្កើត កិច្ចសហប្រតិបត្តិការ ស្តីពីការបណ្តុះបណ្តាល ធនធានមនុស្សនេះឡើង ។ «ការអប់រំធ្វើឲ្យអ្នកក្រក្លាយជាអ្នកមាន ហើយការអប់រំប្រែក្លាយ បុគ្គលម្នាក់ដែលអសមត្ថភាព ទៅជាបុគ្គលមានសមត្ថភាព មានទេពកោសល្ស ប៉ិនប្រសព្វ និងជាអ្នក ដឹកនាំ និងជាប្រទេសក្រីក្រ ក្លាយជាប្រទេសអភិវឌ្ឍ ដោយសារតែធនធាន មនុស្សមានសមត្ថភាព»៕

To Top