ព័ត៌មានជាតិ

ផ្តន្ទាទោស អតីតប្រធានបក្សខ្មែរក្រាក William Guang ជាប់គុក ៩ឆ្នាំ និងគូកនជាប់គុក ក្នុងម្នាក់ៗ ពី ៦ ទៅ ៨ ឆ្នាំ ជាប់ពាក់ព័ន្ធការប្លន់ផ្ទះអ្នកលក់ឡេអនឡាញល្បីឈ្មោះ អ៊ាន សៀវម៉ី

ភ្នំពេញ: សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២ ខែ សីហាឆ្នាំ ២០២២ នេះ ប្រកាសសាលក្រម លើសំណុំរឿង ជនជាប់ចោទ ឈ្មោះ សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang អតីតប្រធានគណបក្សខ្មែរក្រោក និងបក្ខពួក ចំនួន ៦នាក់ទៀត ជាប់ពាក់ព័ន្ធនិងការ ប្លន់ប្រដាប់អាវុធ និង ការចូលប្លន់ផ្ទះអ្នកលក់ឡេអនឡាញល្បី ម្នាក់ ឈ្មោះ អ៊ាន សៀវម៉ី ប្រព្រឹត្ត នៅក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីខែ ធ្នូ ឆ្នាំ ២០២១ ។

សាលាដំបូងរាជធានីភ្នំពេញ បានសម្រេច ផ្តន្ទាទោស ពួកគេទាំង៧នាក់ ដាក់គុក ក្មុងម្នាក់ៗ កំណត់ ពី ៦ ឆ្នាំ ទៅ ៩ ឆ្នាំ តែបើកផ្លូវ ឱ្យពួកគេ ប្តឹងជំទាស់ទៅកាន់ សាលាឧទ្ធរណ៍ តាមផ្លូវច្បាប់។

លោកស្រី ឈុន ដាវី ជាប្រធានក្រុមប្រឹក្សា ជំនុំជំម្រះ នៃសាលាដំបូងរាជធានីភ្នំពេញបានឱ្យដឹងថា នៅក្នុងសំណុំរឿងក្តីនេះ មានជនជាប់ចោទ ចំនួន ៧នាក់ រួមមានៈ ទី ១-ឈ្មោះ សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ សុខ សុវណ្ណវឌ្ឍនាសារពង្ស ហៅ វិល្លាមគ័ង ភេទ ប្រុស អាយុ ៤៤ ឆ្នាំ មុខរបរ ប្រធាន គណបក្សខ្មែរក្រោក និង ( ជាមេខ្លោងចោរប្លន់ ) មានស្រុកកំណើតនៅខេត្តព្រះត្រពាំងកម្ពុជា ក្រោមមានអាសយដ្ឋាន ស្នាក់នៅបុរីប៉េងហួតផ្ទះលេខ ៨ ផ្លូវលេខ ៣ សង្កាត់ចក្រអង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ តុលាការសម្រេច ដាក់គុក ៩ ឆ្នាំ។

ទី២-ឈ្មោះ សុវណ្ណ ស្រីសុរិយោ ព័ណ ភេទស្រី អាយុ ២៤ ឆ្នាំ ( ត្រូវជាប្រពន្ធវិល្លាមគ័ង ) មុខរបរ លក់ដូរស្នាក់នៅបុរីប៉េងហួត ផ្ទះលេខ ៨ ផ្លូវលេខ ៣ សង្កាត់ចក្រអង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ តុលាការសម្រេច ដាក់គុក ៦ ឆ្នាំ។
ទី ៣- ឈ្មោះ អោ រ៉ាម៉ន ភេទប្រុស អាយុ ៣៣ ឆ្នាំ មុខរបរអ្នកបើករថយន្ត មានទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ទី៤-ឈ្មោះ សុវណ្ណ រ៉ានុត ភេទប្រុស អាយុ ២៦ ឆ្នាំ ស្នាក់នៅបុរីប៉េងហួត ផ្ទះលេខ ៨ ផ្លូវលេខ ៣ សង្កាត់ចក្រអង្រែលើ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ។ ទី ៥.ឈ្មោះ កេត ម៉ាច ភេទប្រុស អាយុ២៦ ឆ្នាំ ។ ទី ៦ ឈ្មោះ នេត ផៃមុនី ភេទប្រុស អាយុ៤២ ឆ្នាំ។ អ្នកទាំង៣នាក់នេះ ត្រូវជាប់គុក ក្នុងម្នាក់ៗ រយៈពេល ៨ ឆ្នាំ។

និង ទី ៧.ឈ្មោះ ថុន វឌ្ឍនៈបូរ៉ាមី ភេទស្រី អាយុ២៧ ឆ្នាំ ត្រូវជាប់គុក ៦ ឆ្នាំ។

តុលាការ ក៏បានបង្គាប់ឲ្យពួកគេ ត្រូវរួមគ្នា សង ថ្លៃខូចខាត ចំនួន ៥០ ម៉ឺនដុល្លារ និង ជម្ងឺចិត្ត ចំនួន ២០០លានរៀល ទៀត ទៅភាគី ដើមបណ្ដឹង។

លោកស្រីចៅក្រម បានបញ្ជាក់ថា: នៅក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទ ទាំង៧នាក់ ត្រូវបានតំណាងអយ្យការ ចោទប្រកាន់ ពីបទ: ” លួចមានស្ថានទម្ងន់ទោស បទសមគំនិតក្នុងអំពើលួចមានស្ថានទម្ងន់ទោស បទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងបទក្លែងឯកសារសាធារណៈ តាមមាត្រា ២៩, មាត្រា ៣៥៣, មាត្រា ៣៥៧, មាត្រា ៤៩០ និងមាត្រា ៦២៩ នៃក្រមព្រហ្មទណ្ឌ»។

ពួកគេ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២១ ស្ថិតនៅក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្រោយឃាត់ខ្លួន, សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដកហូតបាន អាវុធវែងខ្លី ចំនួន ៦ ដើម៕

ដោយ: លីហ្សា

To Top