ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសខ្មែរ និងលោកបណ្ឌិត វីវៀន បាឡាគ្រីស្ហ្សណាន់ រដ្ឋមន្រ្តីការបរទេសសិង្ហបុរី នាថ្ងៃទី២ សីហា បានអញ្ជើញសម្ពោធជាផ្លូវការ នៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-សិង្ហបុរី (CSCC) នៅអាគារអាយខុន រាជធានីភ្នំពេញ ។
ក្នុងឱកាសនោះលោក ប្រាក់ សុខុនបានថ្លែងថា អបអរសាទរខួបលើកទី២០ នៃការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលកម្ពុជា-សិង្ហបុរី (CSTC) នៅភ្នំពេញ ដែលត្រូវបានតម្លើងជាមជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា-សិង្ហបុរី (CSCC) នៅឆ្នាំ២០១៨ ក្នុងគោលបំណងជំរុញសមាហរណកម្មសេដ្ឋកិច្ច និងការចាប់យកបច្ចេកវិទ្យានៅក្នុងតំបន់។
លោកបានរំលឹកថា គំនិតផ្តួចផ្តើមសមាហរណកម្មអាស៊ាន ហៅកាត់ថា IAI ត្រូវបានដាក់ចេញដោយថ្នាក់ដឹកនាំអាស៊ាននៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ក្រៅផ្លូវការលើកទី៤ នៅខែវិច្ឆិកា ឆ្នាំ២០០០ នៅ សិង្ហបុរីក្នុងរយៈពេល ត្រឹមតែមួយឆ្នាំកន្លះប៉ុណ្ណោះ បន្ទាប់ពីកម្ពុជាចូលជាសមាជិកថ្មី ចុងក្រោយគេរបស់អាស៊ាន។
លោកបន្ថែមថា គំនិតផ្ដួចផ្ដើមនេះត្រូវបានដាក់ចេញ ដើម្បីកាត់បន្ថយគម្លាតនៃការអភិវឌ្ឍរវាងអាស៊ាន-៦ និងកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម (CLMV) ក៏ដូចជាគាំទ្រសមាហរណកម្ម និងការកសាងសហគមន៍អាស៊ាន។
លោកបន្តថា រដ្ឋាភិបាលសិង្ហបុរីបានបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលនៅក្នុងប្រទេស CLMV នីមួយៗ ដើម្បីអនុវត្តគំនិតផ្តួចផ្តើមដ៏មានសារសំខាន់ជាសារវ័ន្តនេះមានប្រសិទ្ធភាព និងមានប្រសិទ្ធផល ។ ដូច្នេះមជ្ឈមណ្ឌលបណ្តុះបណ្តាលកម្ពុជា-សិង្ហបុរី នៅភ្នំពេញត្រូវបានបង្កើតឡើងនៅខែមីនា ឆ្នាំ២០០២។ អ្វីដែលគួរឲ្យកត់សម្គាល់ក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ មជ្ឈមណ្ឌលនេះបានបណ្តុះបណ្តាលមន្ត្រីកម្ពុជាជាង ១១,០០០ នាក់មកពីក្រសួង និងស្ថាប័នពាក់ព័ន្ធនានា។ រហូតមកដល់ពេលនេះ សិង្ហបុរីបានប្រកាសផ្ដល់ថវិកាចំនួនបួនលើកមានចំនួន ១៧០ លានដុល្លារសិង្ហបុរីសម្រាប់សមាហរណកម្មអាស៊ាន។
លោកថា រហូតមកដល់បច្ចុប្បន្ននេះ ការកាត់បន្ថយគម្លាតនៃការអភិវឌ្ឍ (NDG) នៅតែជាអាទិភាពមួយក្នុងចំណោម អាទិភាពចម្បងនានារបស់អាស៊ាន។
លោកបញ្ជាក់ថា ក្នុងនាមជាប្រធាននៃក្រុមការងារ គំនិតផ្តួចផ្តើមសមាហរណកម្មអាស៊ាន ឆ្នាំ២០២២ កម្ពុជាប្តេជ្ញាធានាឲ្យបាននូវការអនុវត្តផែនការការងារ IAI តំណាក់កាលទី៤ (២០២១-២០២៥) ប្រកបដោយប្រសិទ្ធភាព ដោយផ្តោតលើវិស័យយុទ្ធសាស្ត្រចំនួន៥ គឺអាហារ និងកសិកម្ម ការសម្របសម្រួលពាណិជ្ជកម្ម សហគ្រាសម៉ាក្រូធុនតូច និងមធ្យម ការអប់រំ និងសុខភាព និងសុខុមាលភាព ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងរបស់អាស៊ានបន្ថែមទៀត៕