ព័ត៌មានជាតិ

សម្តេចតេជោ មានសុទិដ្ឋិនិយមថា ទីម័រ នឹងមកកាន់គ្រួសារអាស៊ាន ឆ្នាំក្រោយ ខណៈសម្តេចថា អាស៊ានត្រូវតែរួមគ្នា ជាធ្លុងមួយ

ភ្នំពេញ ៖ ក្នុងនាមជាប្រធានអាស៊ានប្តូរវេននៅឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហាញសុទិដ្ឋិនិយមថា ក្រោយពីមានការស្នើសុំ ពីប្រទេសទីម័រឡេស្តេ ជាច្រើនឆ្នាំ ក្នុងការចូលជាសមាជិកអាស៊ានទី១១ បន្ទាប់ពីកម្ពុជានោះ ប្រទេសនេះនឹងអាចក្លាយជា សមាជិកពេញសិទ្ធិ របស់អាស៊ាន នៅឆ្នាំក្រោយជាមិនខាន ។ ជានិច្ចកាល កម្ពុជាតែងតែគាំទ្រ វត្តមានទីម័រឡេស្តេ ឲ្យមកចូលជាសមាជិកអាស៊ាន សម្រាប់ប្អូនទី១១ ។

ការបង្ហាញក្តីសង្ឃឹម ក៏ដូចជាមានសុទិដ្ឋិនិយម របស់សម្តេច ក្នុងនាមជាប្រធាន ធ្វើឡើងនៅចំពោះមុខបណ្តារដ្ឋមន្រ្តីការបរទេសអាស៊ានទាំង១០ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនានា នាសណ្ឋាគារសុខាភ្នំពេញ នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ ។

តាមរយៈសន្ទរកថា ចំនួន៧ទំព័រ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ សម្តេចតេជោបានគូសបញ្ជាក់ពីទីម័រឡេស្តេថា “ដំណើរចូលជាសមាជិកអាស៊ានរបស់ទីម័រឡេស្តេកំពុងមានវឌ្ឍនភាពយ៉ាងល្អ ហើយខ្ញុំមានសុទិដ្ឋិនិយមថា យើងនឹងអាចស្វាគមន៍ប្រទេសនេះ មកកាន់គ្រួសារអាស៊ាន បានយ៉ាងយូរនៅត្រឹមឆ្នាំក្រោយ”។

ការលើកឡើងពីការចូលជាសមាជិកភាពរបស់ទីម័រឡេស្តេនេះ ស្របពេលសម្តេចបានថ្លែងអះអាងថា ត្រូវធ្វើយ៉ាងណាឲ្យអាស៊ានធានាឲ្យបានថា “យើងនឹងអាចរួមគ្នាជាធ្លុងមួយឡើងវិញបាន”។

សម្តេចថា អាស៊ានគឺជាតំបន់មួយដែលមានប្រទេសជាសមាជិកចំនួន១០ និងមិនមែនតិចជាងនេះឡើយ ។ សម្តេចនាយករដ្ឋមន្រ្តីសង្កត់ធ្ងន់ទៀតថា អាស៊ានចាំបាច់ត្រូវតែយកចិត្តទុកដាក់ខ្ពស់បំផុត ដើម្បីធានាថា ឯកភាពអាស៊ាននៅតែរឹងមាំ ក្រោយអាស៊ាន ត្រូវបានបង្កើតឡើង កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧ ។

ការថ្លែងរបស់សម្តេចបែបនេះ បន្ទាប់ពីប្រទេសមីយ៉ាន់ម៉ា ឬភូមា ត្រូវបានប្រទេសជាសមាជិកអាស៊ាន ផ្សេងទៀត ទាត់ចោលមិនឲ្យចូលរួមប្រជុំតាំងពីឆ្នាំ២០២១ ពោរនៅពេលឥណ្ឌូនេស៊ីធ្វើជាម្ចាស់ផ្ទះ បន្ទាប់មកទៀតនៅឆ្នាំ២០២២នេះ កម្ពុជាធ្វើជាម្ចាស់ផ្ទះក៏មិនអនុញ្ញតឲ្យចូលប្រជុំទៀត ក្រោយពីលោក មីន អោងឡាំង ជាមេដឹកនាំរបបបយោធា បានធ្វើរដ្ឋប្រហារទំលាក់លោកស្រី អ៊ុង សានស៊ូជី កាលពីដើមឆ្នាំ២០២១កន្លងមក ។

សូមបញ្ជាក់ថា ទីម័រឡេស្តេ ជាប្រទេសវ័យក្មេងមួយក្នុងតំបន់អាស៊ី បានទទួលឯករាជ្យ ពីឥណ្ឌូនេស៊ីកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០០២ ៕

To Top