នារសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ។
ជនសង្ស័យឈ្មោះ រី ថន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ផ្ទះជួលម្តុំឡនុំប៉័ងផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ជនសង្ស័យនេះ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌ៧មករា ដែលកំពុងប្រចាំការនៅគោលដៅ ចំណុចក្តាន់ពីរ ឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពីពួកគេ និងបក្ខពួកម្នាក់ទៀត បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃមិនបានសម្រេចពីប្រជាពលរដ្ឋដែលធ្វើដំណើរលើដងផ្លូវ កាលពីវេលាម៉ោង១៩៖០០នាទី ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ នៅចំណុចក្តាន់ពីរ ផ្លូវ១២៨ កែងផ្លូវ២១៥ សង្កាត់មិត្តភាព ខណ្ឌ៧មករា។ ជនសង្ស័យខាងលើបានសារភាពឲ្យដឹងថា ខ្លួន និងបក្ខពួក ពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទ ពិតប្រាកដមែន។ ចំណែកបក្ខពួកជនសង្ស័យដែលបានរត់គេចខ្លួន កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើការស្រាវជ្រាវឃាត់ខ្លួនបន្ត។