ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា នៅល្ងាចថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២នេះ បានចេញសេចក្តីថ្លងការណ៍ សម្ដែង នូវការព្រួយបារម្ភ ចំពោះការកើនឡើងនូវភាពតានតឹងថ្មីៗ នៅច្រកសមុទ្រតៃវ៉ាន់ និងស្នើសុំឱ្យភាគីពាក់ព័ន្ធ គោរពចំពោះកិច្ចព្រមព្រៀង ទាំងឡាយ ដែលភាគីទាំងពីរ បានឯកភាពគ្នា ។
ការសម្ដែងនូវការព្រួយបារម្ភ នេះធ្វើឡើង បន្ទាប់ពី ដំណើរទស្សនកិច្ច ដ៏កម្ររបស់ប្រធានសភាអាមេរិក លោកស្រី ណាន់ស៊ី ប៉េឡូស៊ី ទៅកាន់កោះតៃវ៉ាន់ ដែលជាដែនដីរបស់ចិន កាលពីទសវត្សរ៍៧០ ។
យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា គណបក្សប្រជាជនកម្ពុជា បានតាមដានយ៉ាងយកចិត្តទុកដាក់ សភាពការណ៍វិវត្តន៍ថ្មីៗនៅ ច្រកសមុទ្រតៃវ៉ាន់ និងសូមធ្វើសេចក្តីថ្លែងការណ៍ដូចខាងក្រោម ៖
១៖ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដឹកនាំប្រទេស ប្រកាន់ខ្ជាប់ជានិច្ចនូវគោល នយោបាយចិនតែមួយ ដោយឥតងាករេ ហើយចាត់ទុកបញ្ហាពាក់ព័ន្ធ នឹង ហុងកុង តៃវ៉ាន់ ទីបេ និង ស៊ីនជាំង ជាកិច្ចការផ្ទៃក្នុង របស់ចិន ដែលជាសិទ្ធិអធិបតេយ្យ របស់សាធារណរដ្ឋប្រជាមានិតចិន។
២៖ គណបក្សប្រជាជនកម្ពុជា សូមសម្ដែងនូវការព្រួយបារម្ភ ចំពោះការកើនឡើងនូវភាព តានតឹងថ្មីៗ នៅច្រកសមុទ្រតៃវ៉ាន់ និងស្នើសុំឱ្យភាគី ពាក់ព័ន្ធគោរពចំពោះកិច្ចព្រមព្រៀងទាំងឡាយ ដែលភាគីទាំងពីរបានឯកភាពគ្នា ដូចដែលមានចែង ក្នុងសេចក្តីថ្លែងការណ៍រួមកន្លងមក រវាងសាធារណរដ្ឋប្រជាមានិតចិន និងសហរដ្ឋអាមេរិក។
៣៖ គណបក្សប្រជាជនកម្ពុជា សូមអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ ស្វះស្វែងរកដំណោះ ស្រាយដោយសន្តិវិធី រក្សាស្ថានភាពដើម និងចៀសវាងការបង្កហេតុ ដើម្បីសន្តិភាព ស្ថិរភាព វឌ្ឍនភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក។
ភាពតានតឹងនេះ បានកើតឡើងស្របពេល ដែលពិភពលោក កំពុងជួបប្រទះនូវស្ថានការណ៍គួរឱ្យព្រួយបារម្ភ ដោយក្នុងនោះមានសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន និងការប្រឈមនឹងវិបត្តិសេដ្ឋកិច្ចជាដើម ៕