ព័ត៌មានជាតិ

លោកបណ្ឌិត ហ៊ុន ម៉ាណែត ជួបសម្តែងការគួរសម ជាមួយទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន

ភ្នំពេញ៖ នារសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានជួបសំណេះសំណាល និងពិភាក្សាការងារ ជាមួយ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ខណៈពេលដែលលោក កំពុងមានវត្តមាននៅរាជធានីភ្នំពេញ ដើម្បីអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ថ្លែងក្នុងកិច្ចជំនួបនេះ លោក វ៉ាង យី បានធ្វើការកោតសរសើរ និងគាំទ្រដល់ការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសកម្ពុជា ព្រមទាំងបានធ្វើការអបអរសាទរចំពោះដំណើរការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដែលបានប្រព្រឹត្តទៅដោយរលូននៅក្នុងខែមិថុនាកន្លងមកនេះ ស្របតាមគោលការណ៍ប្រជាធិបតេយ្យ និងប្រកបដោយបរិយាកាសសុខសន្តិភាព។ 

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ក៏បានសម្តែងនូវការអបអរសាទរដល់គណបក្សប្រជាជនកម្ពុជា ដែលបានទទួលជោគជ័យដ៏លើសលប់ហើយលោក សង្ឃឹមជឿជាក់ថា គណបក្សប្រជាជនកម្ពុជានឹងបន្តដឹកនាំប្រទេសកម្ពុជាឱ្យបានរីកចម្រើនរុងរឿងយូរអង្វែងតទៅមុខទៀត។ 

លោក វ៉ាង យី ក៍បានប្តេជ្ញាបន្តជួយជំរុញឱ្យមានការដាក់ទុនវិនិយោគ និងការផ្តល់ជំនួយនានាបន្ថែមទៀតមកកាន់ប្រទេសកម្ពុជា រួមទាំងខាងវិស័យការពារជាតិផងដែរ។

ជាការឆ្លើយតប លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះការជួយឧបត្ថម្ភគាំទ្រពីភាគីមិត្តចិន រាប់ចាប់តាំងពីប្រទេសទាំងពីរមានចំណងការទូតផ្លូវការជាមួយគ្នាអស់រយៈពេល ៦៤ ឆ្នាំហើយ គិតត្រឹមឆ្នាំ២០២២នេះ។ ទន្ទឹមនឹងនេះផងដែរ ប្រទេសទាំងពីរ ក៏មានទស្សនវិស័យដូចគ្នា ពោលគឺ (១) ការការពារសុខសន្តិភាព ស្ថិរភាពផ្ទៃក្នុងប្រទេស ដើម្បីភាពចម្រុងចម្រើនសម្បូរសប្បាយរបស់ប្រជាពលរដ្ឋ និង (២) ការការពារសុខសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ និងសាកលលោក។ 

ជាចុងក្រោយ លោកមេបញ្ជាការកងទ័ពជើងគោក ក៏បានថ្លែងអំណរគុណចំពោះសាធារណរដ្ឋប្រជាមានិតចិន ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អជិតស្និទ្ធ រវាងប្រទេស ប្រជាជន និងកងទ័ពទាំងពីរ និងសូមគាំទ្រចំពោះទិសដៅទៅមុខរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្នុងការជំរុញបន្ថែមទៀតនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងគ្រប់ជ្រុងជ្រោយ។

To Top