ព័ត៌មានជាតិ

ចិន ប្រកាសគាំទ្រអ្នកបន្តវេន ដឹកនាំប្រទេសកម្ពុជា

ភ្នំពេញ៖ ក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា លោក វ៉ាង យី (Wang Yi ) ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញការគាំទ្រ យ៉ាងរឹងមាំ នៅថ្ងៃអនាគត ចំពោះការបន្តវេននៃការដឹកនាំ ក៏ដូចជាកូនសោដ៏សំខាន់ សំរាប់ការថែទាំ សន្តិភាពរបស់កម្ពុជាផង ក៏ដូចជាសម្រាប់មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាង កម្ពុជា-ចិន ផងដែរជាពិសេសទៀត ដោយសារប្រទេសទាំងពីរ មានការកសាងសហគមន៍ និងជោគវាសនា នៅថ្ងៃអនាគតជាមួយគ្នា ។

នៅក្នុងកាលៈទេសៈនេះ អ្វីដែលលោក វ៉ាង យី លើកឡើងក្នុងពេលនេះ គឺចង់សំដៅ លើលោក ហ៊ុន ម៉ាណែត ដែលកូនប្រុសច្បង របស់សម្ដេចតេជោ ហ៊ុន សែន ហើយត្រូវបានគណបក្សប្រជាជនកម្ពុជា បោះឆ្នោតគាំទ្រ ជាបេក្ខភាព នាយករដ្ឋមន្រ្តី នាពេលអនាគត។

ក្នុងជំនួបនេះលោក នៅតែបញ្ជាក់ពីជំហរ របស់ប្រទេសចិន ក៏ដូចជារដ្ឋាភិបាលចិន ចំពោះប្រទេសកម្ពុជា ជាពិសេស ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដោយចិន នឹងបន្តគាំទ្រដល់នយោបាយផ្ទៃក្នុង ប្រទេសកម្ពុជា ក៏ដូចជានយោបាយការបរទេសផងដែរ ដែលនឹងឆ្លើយតបទៅនឹង តម្រូវការរបស់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសគឺអបអរសាទរ ចំពោះការឈ្នះឆ្នោត របស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ កន្លងមកនេះ ដែលឆ្លុះបញ្ចាំងពីការដឹកនាំ ដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ដែលមានការគាំទ្រពីប្រជាពលរដ្ឋ។

ចិន គាំទ្រយ៉ាងរឹងមាំ ចំពោះចក្ខុវិស័យដ៏យូរអង្វែង ជាពិសេស ការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏ដូចជាគណបក្សប្រជាជន និងប្រទេសកម្ពុជា ក្នុងការការពារអធិបតេយ្យភាព ក៏ដូចជាភាពឯករាជ្យ របស់ប្រទេសកម្ពុជាផងដែរ។

លោករដ្ឋមន្រ្តីគូសបញ្ជាក់ថា “ចិននឹងបន្តគាំទ្រយ៉ាងរឹងមាំ នៅថ្ងៃអនាគតចំពោះការដឹកនាំ ជាពិសេស ការបន្តវេននៃការដឹកនាំ ក៏ដូចជាកូនសោដ៏សំខាន់ សំរាប់ការថែទាំ សន្តិភាពរបស់កម្ពុជាផង ក៏ដូចជាសម្រាប់មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាង កម្ពុជា-ចិន ផងដែរជាពិសេសទៀត ដោយសារប្រទេសទាំងពីរ មានការកសាងសហគមន៍ និងជោគវាសនា នៅថ្ងៃអនាគតជាមួយគ្នា” ។

លោកថា បច្ចុប្បន្ននេះ ចិន-កម្ពុជា មានទំនាក់ទំនង ជិតស្និទ្ធក៏ដូចជាកិច្ចសហប្រតិបត្តិការ ជិតស្និទ្ធ ជាមួយគ្នា ហើយជាពិសេសទៀត ទោះបីនៅក្នុងស្ថានភាព ដែលមានលក្ខណៈមិនប្រាកដប្រជា ហើយការវិវត្តសភាពការណ៍ ក្នុងតំបន់និងពិភពលោក មានលក្ខណៈមិនច្បាស់លាស់នេះ ហើយជាពិសេសដោយសារកម្ពុជានិងចិន មានភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ៕

To Top