ព័ត៌មានជាតិ

សម្ដេចតេជោ ស្នើEU ពិនិត្យឡើងវិញអំពីការ ដាក់ទណ្ឌកម្មរុស្ស៊ី ព្រោះប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សេដ្ឋកិច្ចពិភពលោក (Video)

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានស្នើសហភាពអឺរ៉ុប (EU) ពិនិត្យឡើងវិញ អំពីការដាក់ទណ្ឌកម្មលើរុស្ស៊ី ព្រោះថាទណ្ឌកម្មនេះ មិនប៉ះពាល់តែរុស្ស៊ី តែមួយនោះទេ ប៉ុន្តែវាប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សេដ្ឋកិច្ចទូទាំងពិភពលោក ។

ការលើកឡើងរបស់ សម្ដេចតេជោបែបនេះ ក្រោយពីសហភាពអឺរ៉ុប បានប្រកាសដាក់ទណ្ឌកម្ម «ទ្រង់ទ្រាយធំ» លើរុស្ស៊ី បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានបញ្ជាឲ្យយោធារុស្ស៊ី វាយប្រហារលើប្រទេស អ៊ុយក្រែន កាលពីប៉ុន្មានខែមុន ។

នាឱកាសអនុញ្ញាតឲ្យលោក ចូសិប បូររែល ហ្វុនតេលលេស (Josep Borrll Fontelles) តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និងសន្តិសុខ នយោបាយ និង ជាអនុប្រធាន គណៈកម្មការអឺរ៉ុប ចូលជួបសម្ដែងការគួរសម នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ សម្ដេចតេជោថ្លែងបញ្ជាក់ថា «ស្នើឲ្យមាន ការពិនិត្យឡើងវិញ អំពីការដាក់ទណ្ឌកម្មរុស្ស៊ី ព្រោះថា ការដាក់ទណ្ឌកម្មនេះ មិនប៉ះពាល់តែរុស៊ីទេ ប៉ុន្តែវាធ្វើឲ្យមានការ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរទាំងសេដ្ឋកិច្ច សង្គមទាំងនៅអឺរ៉ុប និងទូទាំងពិភពលោកផង»។

នាឱកាសនោះដែរ សម្ដេចតេជោ ក៏បានថ្លែងអំណរគុណដល់សហភាពអឺរ៉ុប ចំពោះការផ្ដល់ជំនួយកិច្ចសហប្រតិបត្តិការដល់កម្ពុជាចាប់តាំងពីឆ្នាំ១៩៩២ ដែលបានចូលរួមយ៉ាង សំខាន់ដល់ការអភិវឌ្ឍកម្ពុជា និងវាយតម្លៃខ្ពស់ ចំពោះសហភាពអឺរ៉ុប បានផ្ដល់ជំនួយជាវ៉ាក់សាំង តាមរយៈយន្តការកូវ៉ាក់ និងហិរញ្ញប្បទានកន្លងមក ដែលបានចូលរួមចំណែកដល់ភាព ជោគជ័យរបស់កម្ពុជា ក្នុងយុទ្ធនាការទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ-១៩ និងស្ដារសេដ្ឋកិច្ច សង្គមកម្ពុជាឡើងវិញ ។

លើសពីនេះ សម្ដេចតេជោបន្ថែមថា កម្ពុជាគាំទ្រចំពោះគំនិតផ្ដួចផ្ដើមឲ្យមានការរៀបចំ ប្រជុំកំពូលរំឭកខួប៤៥ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនា រវាងអាស៊ាន-សហភាពអឺរ៉ុប ក្នុងខែធ្នូ ឆ្នាំ២០២២ ។ សម្ដេចជឿជាក់ថា លទ្ធផលនៃកិច្ចប្រជុំកំពូលនេះ និង រំលេចពីសារៈសំខាន់ ហើយពង្រីកបន្ថែម នូវភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-សហភាពអឺរ៉ុប ដែលកម្ពុជាគាំទ្រ គោលការណ៍ ចំពោះឯកសារទស្សនទានរបស់សហភាពអឺរ៉ុប ស្តីពីសេចក្ដីថ្លែងការណ៍រួម របស់ដឹកនាំអាស៊ាន-សហភាព អឺរ៉ុប ស្តីពីឥណ្ឌូប៉ាស៊ីហ្វិក ដែលត្រូវអនុម័ត នៅក្នុងកិច្ចប្រជុំកំពូល រំលឹកខួបអាស៊ាន សហភាពអឺរ៉ុប ៕

To Top