ភ្នំពេញ៖ ប្រជាពលរដ្ឋដែលរស់នៅក្នុងបុរីនានា លែងមានក្តីបារម្ភលើសេវាអ៊ីនធើណេត និងសេវាទូរស័ព្ទទៀតហើយ ដោយសារចាប់ពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ ស្អែកនេះតទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាឲ្យលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួង ប្រៃសណីយ៍ ឲ្យលុបចោល កិច្ចសន្យាទាំងអស់ ដែលគ្រប់បុរីផ្តល់សិទ្ធិផ្តាច់មុខ ឲ្យក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទ និងអ៊ិនធើណេត ។
នេះបើតាមការបញ្ជាក់ របស់លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត ក្នុងសន្និសីទសារព័ត៌មានស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំ របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍» រៀបចំដោយអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី៤ សីហា ។
លោករដ្ឋមន្ត្រីក្រសួង ប្រៃសណីយ៍ ថ្លែងយ៉ាងដូច្នេះថា «មុនខ្ញុំមកទីនេះ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានបញ្ជាខ្ញុំថា រាល់កន្លែងទាំងអស់ ដែលមានសិទ្ធិផ្តាច់មុខ អ៊ីនធើណេតក្នុងបុរី លុបចោលទាំងអស់ អត់មានឲ្យទៀតទេ។ សូមឲ្យប្រតិបត្តិករទាំងយល់ដឹង និងសូមឲ្យនិយ័តករទូរគមនាគមន៍ អនុវត្តប្រសាសន៍របស់ម្តេចតេជោ អត់មានត្រូវឲ្យផ្តាច់មុខទៀត ប្រតិបត្តិករត្រូវចូលប៉ុន្មានចូលទៅ»។
លោកបន្ថែមថា ក្រោយទទួលបានប្រសាសន៍ពីថ្នាក់ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ក្រសួងប្រៃសណីយ៍ និងនិយ័តករទូរគមនាគមន៍ គឺត្រូវតែរំលាយចោលរាល់ភាព ផ្តាច់មុខទាំងអស់ អត់មាននរណាមួយមានសិទ្ធិផ្តាច់មុខ ក្នុងការរកស៊ី ក្នុងបុរីតទៅទៀតទេ ហើយការអនុវត្ត គឺចាប់ពីថ្ងៃស្អែកនេះតទៅ ។
សូមបញ្ជាក់ថា កន្លងមកអ្នករស់នៅផ្ទះ ក្នុងបុរី ជាពិសេសនៅរាជធានីភ្នំពេញតែម្តង មានការរអ៊ូរទាំ ចំពោះសេវាអ៊ីនធើណេត និងប្រព័ន្ធទូរស័ព្ទ ដោយសារពិបាកប្រើ ព្រោះគ្មានសេវា ដោយសារម្ចាស់បុរី បានផ្តល់សិទ្ធិផ្តាច់មុខ ឲ្យក្រុមហ៊ុនតែមួយចូលកាន់កាប់ លើការផ្តល់សេវា ដោយមិនអនុញ្ញាតឲ្យក្រុមហ៊ុនមានសិទ្ធិ ៕