ព័ត៌មានជាតិ

រដ្ឋបាលព្រៃឈើ បកស្រាយថា ការអភិវឌ្ឍតំបន់ភ្នំតាម៉ៅ មិនមែនជាការលក់ដូរ គ្រាន់តែកែលម្អ សួនសត្វភ្នំតាម៉ៅ ឲ្យមានភាពប្រសើរឡើង

ភ្នំពេញ ៖ រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាណ និងនេសាទ បានបកស្រាយថា ការអភិវឌ្ឍតំបន់ភ្នំតាម៉ៅ មិនមែនជាការលក់ដូរនោះទេ តែជាការដោះដូរតំបន់នេះ ជាថ្នូរនឹងការអភិវឌ្ឍ បន្ថែមដល់ ឧទ្យានសួនសត្វ និងមជ្ឈមណ្ឌល សង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដោយកែលម្អឧទ្យានសួន សត្វភ្នំតាម៉ៅនេះ ឲ្យមានភាពប្រសើរឡើង ។

ការលើកឡើងនេះ ធ្វើឡើងក្រោយពីក្រុមសកម្មជនបរិស្ថាន និងប្រជាពលរដ្ឋមួយ ចំនួននាំគ្នារិះគន់យ៉ាងចាស់ដៃ លើគម្រោងអភិវឌ្ឍន៍ភ្នំតាម៉ៅ របស់មានក្រុមហ៊ុនឯកជន បានធ្វើសកម្មភាពឈូសឆាយព្រៃ នៅតំបន់ភ្នំតាម៉ៅនេះ ។ ទាំងសកម្មជនបរិស្ថាន និង ប្រជាពលរដ្ឋបានលើកឡើងថា គម្រោងអភិវឌ្ឍន៍ លើដីនៅតំបន់ភ្នំតាម៉ៅប្រមាណជា៥០០ហិកតានេះ នឹងធ្វើឲ្យប៉ះពាល់ដល់សត្វជាច្រើន ដែលកំពុងរស់នៅក្នុងព្រៃនេះ ជាពិសេសប៉ះដល់សត្វកម្រ។

ឆ្លើយតបទៅនឹងការលើកឡើងបែបនេះ រដ្ឋបាលព្រៃឈើ តាមរយៈតាមសេចក្ដីប្រកាសព័ត៌មាន នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ បានឲ្យដឹងថា តំបន់ភ្នំតាម៉ៅនេះ ជាតំបន់ស្ថានីយ៍ស្តារព្រៃឈើមួយ ដែលមានដំណុះឈើដាំ ប្រភេទអាកាស្យា ប្រេងខ្យល់ និងឈើធម្មជាតិ ។ តំបន់នេះពោរពេញ ទៅដោយដីខ្សាច់ ដំណុះឈើមិនមានការលូតលាស់ល្អទេ ដូច្នេះ រាជរដ្ឋាភិបាលសម្រេចយកតំបន់នេះសម្រាប់ធ្វើការអភិវឌ្ឍ ដោយសារជាតំបន់មួយ ដែលនៅក្បែរទីក្រុង ក្បែរព្រលានយន្តហោះថ្មី និងកៀកតំបន់ទេសចរណ៍ទន្លេបាទី។

រដ្ឋបាលព្រៃឈើបញ្ជាក់ថា «ការអភិវឌ្ឍតំបន់នេះ មិនមែនជាការលក់ដូរ ដូចការលើកឡើងនោះទេ តែជាការដោះដូរតំបន់នេះ ជាថ្នូរនឹងការអភិវឌ្ឍ បន្ថែមដល់ឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដោយកែលម្អឧទ្យានសួន សត្វភ្នំតាម៉ៅឲ្យមានភាពប្រសើរឡើង មានប្រព័ន្ធផ្លូវ អគារ សួនច្បារ អាងស្តុកទឹក ក៏ដូចជាការបង្កើតសារមនី្ទរជាតិ នៅរាជធានីភ្នំពេញ ការបង្កើតសួនសត្វ សាហ្វារីនៅខេត្តសៀមរាប ការបង្កើតសួនភូតគាម នៅខេត្តមណ្ឌលគិរី និងការសាងសង់អគារ ធ្វើការរបស់មន្ត្រីរាជការ និងសម្ភារៈនានា ។ ការដោះដូរ គឺអនុវត្តដោយមានភាពតឹងរ៉ឹង មានការវាយតម្លៃ ពីក្រុមហ៊ុនឯកជន និងមានគណៈកម្មការ ឯកជនភាវូនីយកម្ម ដែលមានអន្តរក្រសួង ពិនិត្យនិងវាយតម្លៃ អំពីការដោះដូរយ៉ាងត្រឹមត្រូវ»។

រដ្ឋបាលព្រៃឈើបញ្ជាក់ផងដែរថា តំបន់នេះ ពុំមានសត្វព្រៃសំខាន់ៗ ជិតផុតពូជ និងកម្រ ដូចការលើកឡើងនោះទេ ហើយតំបន់នេះមានជ្រូកព្រៃ ដែលតែងតែមករំខានដល់ ដំណាំប្រជាពលរដ្ឋ ។ សត្វព្រៃដែលលើកឡើង កន្លងមកគឺជាសត្វព្រៃបានថែរក្សា នៅក្នុងឧទ្យានសួនសត្វភ្នំតាម៉ៅ ដែលមានសុវត្ថិភាព១០០% ហើយការអភិវឌ្ឍនេះ មិនមានការប៉ះពាល់ទាល់តែសោះ។

រដ្ឋបាលព្រៃឈើបន្ថែមថា សត្វព្រៃដែលតែងតែលើកឡើង ដោយអង្គការ សកម្មជនបរិស្ថាន និងសាធារណជននានា គឺជាសត្វព្រៃ ដែលកំពុងរស់នៅក្នុងទ្រុង នៃឧទ្យានសួនសត្វភ្នំតាម៉ៅ និងសត្វព្រៃមួយចំនួនទៀតដូចជាប្រើស រមាំង ក្រៀល រនាល ទុង ត្រូវបានដោះលែង ឲ្យរស់ក្នុងបរិវេណ របស់ឧទ្យានសួនសត្វភ្នំតាម៉ៅ ដែលមានរបងព័ទ្ធជុំវិញលើផ្ទៃដីជាង ៤០០ហិកតា និងមិនមានសត្វ អាចចេញមកខាងក្រៅនោះទេ និងបានមើលថែរក្សា ផ្តល់ចំណីដោយរដ្ឋបាលព្រៃឈើ និងអង្គការនានា ។ ការលើកឡើងកន្លងមក បានធ្វើឲ្យមានការភ័នច្រលំថា ការអភិវឌ្ឍតំបន់នេះ ប៉ះពាល់ដល់សត្វព្រៃ។

លើសពីនេះ រដ្ឋបាលព្រៃឈើ បានបញ្ជាក់បន្ថែមថា ការអភិវឌ្ឍតែងតែប្រើប្រាស់ដី សម្រាប់អភិវឌ្ឍន៍ មិនមែនមានតែនៅតំបន់ភ្នំតាម៉ៅនោះទេ ឲ្យតែតំបន់អភិវឌ្ឍន៍មានផលប៉ះពាល់តិចតួច ហើយត្រឡប់មកវិញបានផ្ដល់ការងារ ជូនប្រជាពលរដ្ឋច្រើននៅតំបន់នោះ និងការផ្តល់កំណើន សេដ្ឋកិច្ចជាតិ ៕

To Top