ព័ត៌មានជាតិ

អាមេរិក អរគុណ កម្ពុជា ក្នុងកិច្ចប្រឹងប្រែង ដោះស្រាយវិបត្តិ នៅមីយ៉ាន់ម៉ា

ភ្នំពេញ៖ ប្រមុខការទូតអាមេរិក លោក Antony Blinken នៅក្នុងជំនួបជាមួយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអំណរគុណកម្ពុជា ចំពោះភាពដឹកនាំជាប្រធានអាស៊ាន ក្នុងកិច្ចប្រឹងប្រែងក្នុងការស្វែងរកដំណោះស្រាយ បញ្ហានៅមីយ៉ាន់ម៉ា។

ក្រៅពីនេះ លោក Antony Blinken បានគោរពថ្លែងអំណរគុណកម្ពុជា ចំពោះភាពដឹកនាំជាប្រធានអាស៊ាន, ការផ្ដល់ដីឱ្យសហរដ្ឋអាមេរិក សង់ស្ថានទូត, ការធ្វើដំណើរទៅប្រជុំ ដោយជោគជ័យនៅទីក្រុងវ៉ាសីនតោន, ការអនុញ្ញាតឱ្យកប៉ាល់ Westerdam ចូលចត ដែលនៅក្នុងនោះមានជនជាតិអាមេរិកចំនួន ៦០០នាក់, ការបោះឆ្នោតគាំទ្រ សេចក្ដីសម្រេចរបស់មហាសន្និបាត អង្គការសហប្រជាជាតិ លើបញ្ហារុស្ស៊ីឈ្លានពានអ៊ុយក្រែន, ការរុករកអធិធាតុទាហានអាមេរិកបាត់ខ្លួន ក្នុងសម័យសង្គ្រាម TOWMIA។

ជាមួយគ្នានេះ លោក Blinken បានគោរពជម្រាបជូនសម្ដេចតេជោថាទិសដៅ របស់សហរដ្ឋអាមេរិក គឺមានទំនាក់ទំនងជាវិជ្ជមាន ជាមួយកម្ពុជា ឈរលើមូលដ្ឋាន នៃកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់ដូចជា៖ ទីផ្សារនាំចេញ និងជំនួយសម្រាប់ ការអភិវឌ្ឍ។ល។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការរីករាយ និងស្វាគមន៍លោក Antony Blinken ក្នុងអំឡុងពេល កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នឹងកិច្ចប្រជុំពាក់ព័ន្ធ។

សម្ដេចបញ្ជាក់ថា “កម្ពុជា មានការសោកស្ដាយ និងភ្ញាក់ផ្អើលចំពោះ ការអនុវត្តទោសប្រហារជីវិតសកម្មជន៤រូបថ្មីៗនេះ នៅប្រទេសមីយ៉ាន់ម៉ា។ កម្ពុជា ក៏បានធ្វើប្រតិកម្មតាមរយៈ ការចេញសេចកីថ្លែងការណ៍ ប្រធានអាស៊ាន នៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២២។ ទោះជាយ៉ាងនេះក៏ដោយ កម្ពុជា នៅតែប្ដេជ្ញាចិត្តខិតខំជួយឲ្យ ប្រទេសមីយ៉ាន់ម៉ា វិលទៅរកភាពប្រក្រតី និងដំណើរការតាមមាគ៌ាប្រជាធិបតេយ្យឡើងវិញ “៕

To Top