ព័ត៌មានជាតិ

សម្ដេច​ ស​ ខេង​ ប្រាប់​អាជ្ញាធរជាប់ព្រំដែន​ កុំឃុបឃិត ជាមួយឈ្មួញគ្រឿងញៀន

ភ្នំពេញ​ ៖​ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នេីដល់អាជ្ញាធរនិង​កងកម្លាំង​ជាប់ព្រំដែនគ្រប់ប្រភេទ​ កុំឃុបឃិតជាមួយពួកជួញដូរគ្រឿងញៀនឱ្យសោះ​ ត្រូវនាំគ្នាប្រយុទ្ធប្រឆាំង​ និងបង្ក្រាបឱ្យទាន់ពេលវេលា។

ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល និងអភិបាលរងខេត្តព្រះវិហារ​ នាថ្ងៃទី៥​ ខែសីហា​ ឆ្នាំ២០២២​ សម្ដេច​ ស ខេង បានណែនាំ​ អភិបាលខេត្តព្រះវិហារថ្មី យកចិត្តទុកដាក់ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ដែលភាគច្រើនក៏បាននាំចូលតាមច្រកព្រំដែនខេត្តព្រះវិហារជាប់ប្រទេសឡាវ និងប្រទេសថៃ។

សម្ដេច​ បានស្នើថា​ «កងយុទ្ធពលខេមរភូមិន្ទ កងកម្លាំងនគរបាលជាតិដែលឈរជើងតាមព្រំដែន និងអាជ្ញាធរសមត្ថកិច្ចទាំងអស់ដែលនៅតាមព្រំដែនត្រូវសហការគ្នា ហើយកុំឃុបឃិតជាមួយពួកជួញដូរគ្រឿងញៀនឱ្យសោះ»។

សម្ដេច​ បន្ថែមថា​ ក្រៅតែពីបង្កផលប៉ះពាល់ដល់សុខភាពមនុស្ស និងសន្តិសុខសង្គម បញ្ហាគ្រឿងញៀននេះក៏អាចជាប់ពាក់ព័ន្ធនឹងការសម្អាតប្រាក់ ឬលាងលុយកខ្វល់ ដែលអាចធ្វើឱ្យប្រព័ន្ធធនាគារកម្ពុជាត្រូវចាត់បញ្ចូលក្នុងបញ្ជីប្រផេះ ធ្វើឱ្យប៉ះពាល់ដល់ដំណើរការសេដ្ឋកិច្ចជាតិទាំងមូល។ ក្រៅពីនេះ បញ្ហាគ្រឿងញៀនក៏អាចជាប់ពាក់ព័ន្ធនឹងការរីកសាយភាយអាវុធមហាប្រល័យ និងអំពើភេរវកម្ម ដែលអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិកំពុងយកចិត្តទុកដាក់ប្រឆាំងផងដែរ។

ជាមួយគ្នានេះ សម្ដេច​ ស​ ខេង​ ណែនាំឱ្យយកចិត្តទុកដាក់ដោះស្រាយសំណើរ សំណូមពរ បញ្ហាប្រឈម និងមតិយោបល់ប្រជាពលរដ្ឋឱ្យបានល្អ និងមានប្រសិទ្ធភាព ព្រមទាំងយកចិត្តទុកដាក់ទប់ស្កាប់ការកាប់បំផ្លាញព្រៃឈើ និងថែរក្សាធនធានធម្មជាតិ៕

To Top