ព័ត៌មានជាតិ

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ កម្ពុជារក្សាជំហរគាំទ្រឥតងាករេ នូវគោលនយោបាយចិនតែមួយ ហើយថា សមយុទ្ធយោធាចិន គឺជាការចាំបាច់ ដើម្បីបញ្ជាក់ថា ជាប្រទេសមួយមិនបោះបង់ចោលភារកិច្ច នៃការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី

ក្នុងបទសម្ភាសន៍ផ្តាច់មុខ ជាមួយអ្នកយកព័ត៌មានរបស់វិទ្យុមិត្តភាពកម្ពុជា-ចិន នាថ្ងៃទី៥ សីហា ២០២២ លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានមានប្រសាសន៍ថា ឯកឧត្តមមានការសោកស្តាយយ៉ាងខ្លាំងចំពោះព្រឹត្តិការណ៍ថ្មីៗ នៅច្រកសមុទ្រតៃវ៉ាន់ ព្រោះពិភពលោកកំពុងប្រឈមមុខនឹងការរីករាលដាលនៃជំងឺកូវីដ១៩ផង បញ្ហានៅរុស្ស៊ី-អ៊ុយក្រែន និងសង្គ្រាមពាណិជ្ជកម្មដែលអាមេរិកធ្វើមកលើប្រទេសចិននោះ ព្រឹត្តិការណ៍នៅច្រកសមុទ្រតៃវ៉ាន់ដែលជាការធ្វើដំណើរទស្សនកិច្ចរបស់លោកស្រីប្រធានសភាអាមេរិកនៅទីនោះ គឺមិនគួរកើតឡើងទេ។ ត្រង់ចំណុចដែលថា ការដាក់ទណ្ឌកម្មពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងប្រទេសចិន លោក ផៃ ស៊ីផាន បញ្ជាក់ដែរថា មិនត្រឹមតែបង្កបញ្ហាអាក្រក់សម្រាប់ប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាក្រក់សម្រាប់ពិភពលោកទាំងមូលផងដែរ។

ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់ លោក ផៃ ស៊ីផាន បានលើកឡើងថា ទស្សនកិច្ចនេះបានធ្វើឱ្យមានការព្រួយបារម្ភជុំវិញពិភពលោក ដែលជាការបង្កហេតុដែលនឹងនាំឱ្យមានវិបត្តិផ្សេងៗ។

«ត្រង់ចំណុចនេះ បើនិយាយពីការភ្ជាប់ជាមួយសហគមន៍នៃអនាគតរួមគ្នា សម្រាប់មនុស្សជាតិ ការលំបាករបស់ចិនក៏ជាការលំបាករបស់ប្រទេសដទៃដែរ នេះជាចំណុចសំខាន់ណាស់។»

បើតាមលោក ផៃ ស៊ីផាន ឲ្យដឹងទៀតថា រាជរដ្ឋាភិបាលកម្ពុជាអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធ គោរពឲ្យបានត្រឹមត្រូវ និងគាំទ្រគោលការណ៍ “ចិនតែមួយ” ដែលត្រូវបានទទួលស្គាល់។ ក្នុងនាមជាប្រជាជនស៊ីវិល័យ យើងទាំងអស់គ្នាត្រូវគោរពច្បាប់ និងបទប្បញ្ញត្តិដែលទទួលស្គាល់ជាទូទៅ ពោលគឺ៖ តៃវ៉ាន់គឺជាផ្នែកមួយនៃប្រទេសចិន។

«យើងខ្ញុំក៏សោកស្តាយដែរ ដែលលោកស្រីប្រធានសភាអាមេរិក ដែលបានរំលោភភាពស៊ីវីល័យ នៃការទទួលស្គាល់ គោលនយោបាយចិនតែមួយ និងអ្វីដែលជាច្បាប់អន្តរជាតិ ក្នុងការឆ្លងកាត់ ក្នុងការប្រើប្រាស់ ក្នុងការចូលមកដល់អធិបតេយ្យនិងបូរណភាពនៃបរទេសណាមួយ។ កម្ពុជាបានបង្ហាញជំហរជាអន្តរជាតិរួចស្រេចមកហើយ ជាពិសេស ក្នុងសម័យកាលកម្ពុជាជាប្រធានអាស៊ានប្តូរវេណបានចេញសេចក្តីថ្លែងការណ៍ថា កម្ពុជាមិនគាំទ្រការធ្វើដំណើរបស់លោកស្រីប្រធានរដ្ឋសភារបស់សហរដ្ឋអាមេរិក ដែលទៅតៃវ៉ាន់ទេ គឺកម្ពុជាចូលរូមគោរពឥតងាករេនៃគោលនយោបាយចិនតែមួយ ហើយបញ្ជាក់ពាក្យសាមញ្ញ ហើយច្បាស់លាស់ទៀត គឺកោះតៃវ៉ាន់ជា អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសចិន រីឯផ្សេងៗទៀត ដូចជា ទីបេ ស៊ីនជាំង ក៏ដូចជា ភូមិសាស្ត្រដទៃទៀត ដែលស្ថិតក្នុងការគ្រប់គ្រងរបស់ចិន រឿងអ្វីៗដែលកើតឡើង គឺជារឿងផ្ទៃក្នុងរបស់ប្រទេសចិន យើងសំណូមពរ សូមឲ្យមានភាពជាស៊ីវិល័យ ក្នុងការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ចិន ក៏ដូចជាការគោរពនូវប្រទេសដទៃទៀតដែរ ដូច្នេះ នេះគឺជាគោលបំណងរបស់ប្រទេសនានានៅលើពិភពលោក គឺការគោរពគ្នាទៅវិញទៅមក ដើម្បីរក្សាសន្តិភាព រក្សាជោគវាសនារួម»។

ជាមួយគ្នានេះ លោក ផៃ ស៊ីផាន សូមកោតសរសើរយ៉ាងខ្លាំងចំពោះចំណាត់ការរបស់កងទ័ពរំដោះប្រជាជនចិន ដើម្បីការពារទឹកដីរបស់ប្រទេសចិន ហើយឯកឧត្តមមានការសោកស្តាយ ដែលប្រធានសភាសហរដ្ឋអាមេរិក Nancy Pelosi បានរំលោភលើគោលការណ៍ “ចិនតែមួយ” និងច្បាប់អន្តរជាតិ ដែលត្រូវបានទទួលស្គាល់។

«សកម្មភាពយោធារបស់ចិន ប្រជាមានិត គឺអាហ្នឹង ជាការបង្ហាញដល់ពិភពលោកនូវការបញ្ជាក់ លើកឡើងសាជាថ្មីម្តងទៀត មិនបោះបង់ចោល នូវអ្វីដែលជាភារកិច្ចការពារនៃអធិបតេយ្យភាពរបស់ខ្លួន ក៏ដូចជាបូរណភាពទឹកដីរបស់ខ្លួន ដូច្នេះ សកម្មភាពហ្នឹង ប្រទេសណាក៏គេធ្វើដែរ ពីព្រោះគេមិនចង់ឲ្យពិភពលោកឬភាគីណាមួយ យល់ច្រលំ ចិន ប្រជាមានិតបោះបង់ចោលទឹកដីរបស់ខ្លួន ដែលមានភ្ញៀវបរទេសដែលមកជាន់លើទឹកដីរបស់ខ្លួន រំលោភលើអធិបតេយ្យភាព រំលោភលើបូរណភាពទឹកដី ដោយធ្វើមិនដឹង មិនលឺ នេះគឺជាសញ្ញាមួយសំខាន់ ដែលខ្ញុំមើលឃើញក្នុងកិច្ចការកាទូត ក៏ដូចជា កិច្ចការរបស់ប្រទេសជាម្ចាស់ ប្រទេសសាម៉ីដែលម្ចាស់ទឹកដីហ្នុង អាហ្នឹង ប្រទេសណាក៏ធ្វើដែរ»៕ (ដោយ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន)

To Top