ភ្នំពេញ ៖ ក្រសួងទេសចរណ៍ កំពុងសិក្សាពីការរៀបចំដាក់ចេញកញ្ចប់ ទស្សនកិច្ចទេសចរណ៍ពិសេសៗបន្ថែមទៀត ដើម្បីជំរុញចលនាទេសចរទៅទស្សនានៅខេត្តសៀមរាប ពិសេសដើម្បីត្រៀមចាប់ផ្តើមបើកឆ្នាំទស្សនាកម្ពុជា ២០២៣ (Visit Cambodia Year 2023) និងត្រៀមការប្រកួតកីទ្បាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅកម្ពុជា។ នេះយោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងទេសចរណ៍។
ក្នុងកិច្ចប្រជុំអនុគណៈកម្មការផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍លើកទី១ នៃគណៈកម្មការគ្រប់គ្រងនិងអភិវឌ្ឍន៍ទេសចរណ៍ សៀមរាប-អង្គរ នាថ្ងៃទី៨ សីហា លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបញ្ជាក់ថា «ក្រសួងទេសចរណ៍កំពុងសិក្សាជាមួយស្ថានប័នពាក់ព័ន្ធ និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ដាក់ចេញនូវកញ្ចប់ ទស្សនកិច្ចទេសចរណ៍ពិសេសសម្រាប់ខេត្តសៀមរាប ដោយក្នុងនោះនឹងសិក្សាស្នើសុំការពិនិត្យ និងសំរេចពីរាជរដ្ឋាភិបាលលើសំណើមួយចំនួន»។
នាឱកាសនោះ លោក សុង តុងហាប់ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានអនុគណៈកម្មការផ្សព្វផ្សាយនិងទាក់ទាញទេសចរណ៍ បានបញ្ជាក់បន្ថែមថា ក្រសួងនឹងរៀបចំកិច្ចប្រជុំបន្ទាន់មួយទៀតជាមួយស្ថាប័នពាក់ព័ន្ធ និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ ក្នុងការរួមគ្នាដាក់ចេញកញ្ចប់ទស្សនកិច្ចពិសេសខេត្តសៀមរាប ដោយនឹងបង្កើតកម្មវិធីលើកទឹកចិត្តថ្មីៗ និងភាពទាក់ទាញថ្មីបន្ថែមទៀតសម្រាប់ខេត្តសៀមរាប។
សូមរំលឹកថា សម្រាប់ឆមាសទី១ ឆ្នាំ២០២២នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួនជាង៥០ម៉ឺននាក់ កើនទ្បើង ៣៩៤.១% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ក្នុងនោះ ខេត្តសៀមរាបទទួលបានទេសចរអន្តរជាតិចំនួន៦០,៤៣៥នាក់។ គម្រោងសិក្សាពីការរៀបចំកញ្ចប់ទស្សនកិច្ចទេសចរណ៍ពិសេសនៅខេត្តសៀមរាបនេះ ដើម្បីជំរុញចលនាទេសចរទៅកាន់គោលដៅទេសចរណ៍នេះបន្ថែម សំដៅឱ្យបានប្រមាណ៥០ម៉ឺននាក់ ឬច្រើនលើសពីនេះនៅឆ្នាំ២០២៣ខាងមុខ។
លើសពីនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាឱកាសបិទសន្និបាតក្រសួងទេសចរណ៍ ក៏បានសម្រេចយកឆ្នាំ២០២៣ ជំរុញទាក់ទាញឲ្យភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជាច្រើនឡើងវិញ ក្រោមយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣ Visit Cambodia Year 2023) ខណៈឆ្នាំ២០២៣ខាងមុខនោះដែរ ក៏ជាឆ្នាំកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមផងដែរ ក្នុងនោះ ការជំរុញចលនាទេសចរផ្ទៃក្នុង ក៏នៅតែយុទ្ធសាស្ត្រសំខាន់ដែលសម្តេចតេជោ បានដាស់តឿននិងក្រើនរំលឹក ៕