កំពង់ចាម ៖ នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ នេះ នៅសាលានគរបាលជាតិភូមិភាគ២ ខេត្តកំពង់ចាម សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសួរសុខទុក្ខសិស្សនគរបាលវគ្គបណ្តុះបណ្តាល កម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៥ លើកទី២ សាលានគរបាលជាតិភូមិភាគ២ ខេត្តកំពង់ចាម ចំនួន ១២៧នាក់ ។

មុនការចាប់ផ្តើម នៃកម្មវិធីសំណេះសំណាល ជាមួយសិស្សនគរបាល សម្តេចក្រឡាហោម បានអញ្ជើញទស្សនាទិដ្ឋភាពទូទៅ នៃសាលានគរបាលជាតិ ភូមិភាគ២ ព្រមទាំងអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវបេតុងប្រវែង ២,០៣០ម៉ែត្រ ប្រព័ន្ធលូ បង្ហូរទឹក ៥៥០ម៉ែត្រ ជាអំណោយរបស់ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អគារស្នាក់នៅចំនួន ២ខ្នង ប្រវែង១៣,៥០ ម៉ែត្រ x៤៥ម៉ែត្រ ជាអំណោយ របស់លោកអភិបាលខេត្តត្បូងឃ្មុំ និងអភិបាល
ខេត្តស្វាយរៀង ។

បន្ទាប់ពី លោកឧត្តមសេនីយ៍ទោ រ័ត្ន ចំរើន បានថ្លែងស្វាគមន៍ និងរាយការណ៍សង្ខេប អំពីការងារបណ្ដុះបណ្ដាល កងកម្លាំងនគរបាល វឌ្ឍនភាព និងបញ្ហាប្រឈមមួយចំនួន របស់សាលានគរបាលជាតិភូមិភាគ២ ។
សម្ដេចក្រឡាហោម បានលើកឡើងថា ក្រសួងមហាផ្ទៃបានធ្វើកំណែទម្រង់ លើកងកម្លាំងនគរបាល ជាប់ជាប្រចាំ តាមរយៈការបណ្តុះបណ្តាល ស្របតាមគោល នយោបាយ កំណែទម្រង់កងកម្លាំង ប្រដាប់អាវុធ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ដ៏ឈ្លាសវៃបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយបានផ្ដោតសំខាន់ ទៅលើការរធ្វើទំនើបកម្ម និងការពង្រឹងសមត្ថភាពវិជ្ជាជីវៈ នៃកងកម្លាំងនគរបាលជាតិ ឱ្យស្របទៅនឹងការវិវត្ត នៃស្ថានការណ៍សន្តិសុខជាតិ និងអន្តរជាតិ ព្រមទាំងឆ្លើយតបនឹងតម្រូវការ នៃអង្គភាពនគរបាល។

សម្ដេចក្រឡាហោម បានបញ្ជាក់ថា ការបណ្តុះបណ្តាលមន្ត្រីនគរបាលជាតិ គឺជាការងារចាំបាច់ដែលត្រូវ តែបន្តធ្វើជាប់ជាប្រចាំ ដើម្បីធ្វើឱ្យកងកម្លាំង នគរបាលជាតិមានចំណេះដឹង គ្រប់គ្រាន់លើផ្នែកទ្រឹស្ដី ជំនាញបច្ចេកទេស និងអាកប្បកិរិយាល្អ ក្នុងការរក្សាឱ្យ បានរឹងមាំនូវខឿនសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍជាតិលើគ្រប់វិស័យ ។

ជាមួយគ្នានោះដែរ សម្តេចក្រឡាហោម បានថ្លែងអំណរគុណចំពោះ លោកអភិបាលខេត្តកំពង់ចាម លោកអភិបាល ខេត្តត្បូងឃ្មុំ និងលោកអភិបាល ខេត្តស្វាយរៀង ដែលបានចូលរួមចំណែក ជាមួយក្រសួងមហាផ្ទៃ ក្នុងការអភិវឌ្ឍសាលានគរបាលជាតិភូមិ ភាគ២ នៅពេលនេះផងដែរ ៕
