ព័ត៌មានជាតិ

ជម្រះបណ្តឹងឧទ្ធរណ៍ ពិរុទ្ធជនគ្រឿងញៀនម្នាក់ ពាក់ព័ន្ធនឹងការ ជួញដូរគ្រឿងញៀន នៅខេត្តតាកែវ

ភ្នំពេញ: ពិរុទ្ធជនគ្រឿងញៀនម្នាក់ កាលពីព្រឹកថ្ងៃទី ៩ ខែ សីហា ឆ្នាំ ២០២២នេះ ត្រូវបានសាលាឧទ្ធរណ៍ រាជធានីភ្នំពេញ បើកវនាការជំនុំជម្រះ លើបណ្ដឹងឧទ្ធរណ៍របស់គាត់ ជាប់ពាក់ព័ន្ធនឹងការ ជួញដូរ គ្រឿងញៀន ចំនួន ២៨ កញ្ចប់ ប្រព្រឹត្តនៅនៅភូមិទន្លេបាទី ឃុំទន្លេបាទី ស្រុកបាទី ខេត្ត តាកែវ កាលពីឆ្នាំ ២០២១ ។

លោកស្រី គឹម ដានី ជាប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ បានថ្លែងអោយដឹងថា ជនជាប់ចោទរូបនេះមាន ឈ្មោះ តុំ ផា ហៅ ក្តី ភេទប្រុស អាយុ ២៦ ឆ្នាំ មុខរបរកម្មករសំណង់ ។

នៅក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទ ឈ្មោះ តុំ ផា ត្រូវបានសាលាដំបូងខេត្តតាកែវ កាលថ្ងៃ ទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០២១ កាត់ទោស ដាក់ពន្ធនាគារកំណត់ ១២ ឆ្នាំ ពីបទ: ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន មាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។

តែគាត់បានប្តឹងមកឧទ្ធរណ៍។

ជនជាប់ចោទ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ២៦ ខែ មីនា ឆ្នាំ២០២១ នៅភូមិទន្លេបាទី ឃុំទន្លេបាទី ស្រុកបាទី ខេត្ត តាកែវ ។

ផ្ទាំងពាណិជ្ជកម្ម

សមត្ថកិច្ច ដកហូតបាន គ្រឿងញៀន ចំនួន ២៨ កព្ចាប់ ទម្ងន់ ១២៣,៣០ ក្រាម ពីគាត់។

គួរបញ្ជាក់ថា នាពេលសវនាការ ជនជាប់ចោទ ឈ្មោះ តុំ ផា បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់មែន។ គាត់បានសុំអោយសាលាឧទ្ធរណ៍ មេត្តាបន្ធូរបន្ថាយទោសដល់គាត់ផង ដើម្បីឆាប់បាន ត្រឡប់ជួបជុំគ្រួសារគាត់វិញ។

សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ នឹងប្រកាសសាលដីកា លើសំណុំរឿងក្តីនេះ នៅព្រឹកថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០២២ ខាងមុខនេះ៕

ដោយ: លីហ្សា

To Top