ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំសិស្សនគរបាលទាំងអស់ ត្រូវខិតខំរៀនសូត្របន្ថែម ពីការងារជាក់ស្ដែង ពិសេសពាក់ព័ន្ធទៅនឹងការប្រែប្រួលនៃបទល្មើសថ្មីៗ ហើយភ្ជាប់ការងារទៅ នឹងជីវភាពប្រជាពលរដ្ឋផងដែរ។
ក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខ សិស្សនាយនគរបាល សិស្សនាយនគរបាលរង វគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៥ លើកទី២ នៅសាលា នគរបាលភូមិភាគ២ ខេត្តកំពង់ចាម នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ សម្ដេច ស ខេង បានថ្លែងឲ្យដឹងថា ដើម្បីឲ្យនគរបាល មានការយល់ដឹង មានវិជ្ជាជីវៈ មានគុណវុឌ្ឍិ មានគុណធម៌ និងប្រតិបត្តិការ ប្រកបដោយការទទួលខុសត្រូវ គឺចាំបាច់ត្រូវតែសិក្សារៀនសូត្រឲ្យបានត្រឹមត្រូវ ពោរគឺអ្នកដែលត្រូវបានប្រឡងជាប់ជាមន្រ្តីនគរបាល ត្រូវតែឆ្លងកាត់វគ្គសិក្សាជាក់ស្ដែងវគ្គមូលដ្ឋាន នាពេលនេះមានរយៈពេល ៤ខែ។
សម្ដេចបន្តថា មន្រ្តីនគរបាលដែលឆ្លងកាត់ការរៀនសូត្រ ប្រាកដជានឹងបំពេញភារកិច្ចបានល្អប្រសើរជាងអ្នកមិនបានរៀនសូត្រ។
សម្ដេចបញ្ជាក់ថា «សិស្សនគរបាលទាំងអស់ ខិតខំសិក្សារៀនសូត្រ និងត្រៀមខ្លួនបំពេញភារកិច្ចជាក់ស្ដែង និងសិក្សារៀនសូត្របន្ថែមពីការងារជាក់ស្ដែង ពិសេសពាក់ព័ន្ធនឹងការប្រែប្រួលនៃបទល្មើសប្រឈមៗ និងថ្មីៗ ដូចជា៖ គ្រឿងញៀនខុសច្បាប់ ការជួញដូរមនុស្ស និងបទល្មើសបច្ចេកវិទ្យាជាដើម ហើយភាពចាំបាច់នៃការផ្សារភ្ជាប់ការងារទៅនឹងជីវភាពប្រជាពលរដ្ឋផងដែរ»។
សម្ដេចក៏បានគូសបញ្ជាក់ថា សម្ដេច នឹងបន្តអញ្ជើញចុះ ទៅឲ្យគ្រប់សាលានគរបាលជាតិភូមិភាគ ។ សម្ដេចថា ក្រសួងមហាផ្ទៃ នឹងកាត់បន្ថយការបញ្ជូន មន្រ្តីនគរបាលជាតិថ្នាក់មូលដ្ឋាន ទៅរៀននៅក្រៅប្រទេសឲ្យបាន ១០០ភាគរយ។
នាឱកាសនោះដែរ សម្ដេច ស ខេង ក៏បានគូសបញ្ជាក់អំពីការខិតខំប្រឹងប្រែងបង្កើន ចំនួនក្របខ័ណ្ឌមន្រ្តីនគរបាល រំលែកទៅឲ្យប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ដោយបែងចែកពីការិយាល័យ និងនាយកដ្ឋាននានាដែលមានបុគ្គលិកច្រើន។ សម្ដេចបន្តថា ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់នេះ ស្ថិតក្នុងចំណោម តួអង្គសំខាន់ ដែលនៅជិតប្រជាពលរដ្ឋបំផុត ដូចជា ៖ ក្រុមប្រឹក្សឃុំ សង្កាត់ ស្មៀន មេភូមិ អនុភូមិ ប៉ុស្តិ៍សុខភាព និងគ្រូបង្រៀន ជាដើម៕