ព័ត៌មានជាតិ

កម្មវិធីដកពិន្ទុបណ្ណបើកបរ នឹងអនុវត្តន៍សាកល្បង ចាប់ពីខែកញ្ញា តទៅ (Video)

ភ្នំពេញ ៖ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រកាសថា កម្មវិធីដកពិន្ទុបណ្ណបើកបរ និងការបង់ប្រាក់ពិន័យអន្តរការណ៍ ចំពោះអំពើល្មើសច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ដោយប្រើប្រាស់ឧបករណ៍បច្ចេកទេស នឹងដាក់អនុវត្តសាកល្បង ចាប់ពីខែកញ្ញា ឆ្នាំ២០២២ តទៅ ខណៈការអនុវត្តពេញលេញ ចាប់ពីដេីមឆ្នាំ២០២៣។

យោងតាមសេចក្ដីជូនដំណឹងរបស់ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២បានឲ្យដឹងថា គោលបំណងបង្កើនប្រសិទ្ធភាព នៃការរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សំដៅកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឲ្យបានជាអតិបរមា ក៏ដូចជាការបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋក្នុងការបង់ ប្រាក់ពិន័យអំពើល្មើសំច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងធានាតម្លាភាពក្នុងការពិន័យអន្តរការណ៍ចំពោះអំពើ ល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

គណៈកម្មាធិការជាតិ បានបញ្ជាក់ថា «កម្មវិធីដកពិន្ទុបណ្ណបើកបរ និងការបង់ប្រាក់ពិន័យអន្តរការណ៍ចំពោះអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ ផ្លូវគោក ដែលរៀបចំដោយក្រសួងមហាផ្ទៃ និងក្រសួងសាធារណការ និងដឹកជញ្ជូន នឹងដាក់ឱ្យដំណើរការអនុវត្ត សាកល្បងនៅទូទាំងប្រទេស ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ តទៅ ហើយនឹងដំណើរការអនុវត្តពេញលេញ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣»។

ប្រភព ដដែល បន្ដថា ការដកពិន្ទុបណ្ណបើកបរ និងការពិន័យអន្តរការណ៍ចំពោះអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ត្រូវបានអនុវត្តដោយឧបករណ៍បច្ចេកទេស ដើម្បីកត់ត្រាព័ត៌មានរក្សាទុកក្នុងប្រព័ន្ធ។ ដូចនេះ សូមអ្នកបើកបរ យានយន្តគ្រប់រូបយកតាមខ្លួននូវបណ្ណបើកបរយានយន្ត(ច្បាប់ដើម) ដើម្បីផ្តល់ជូនសមត្ថកិច្ចត្រួតពិនិត្យ និង អនុវត្តការដកពិន្ទុ ក្នុងករណីមានការប្រព្រឹត្តល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

លើសពីនេះ ការបង់ប្រាក់ពិន័យអន្តរការណ៍ចំពោះអំពើល្មើសច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក អាចបង់ប្រាក់នៅតាម បញ្ហារទ្រូម៉ាន់នីឬភ្នាក់ងារទ្រូម៉ាន់នី ឬ តាមប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រុមហ៊ុនទ្រូម៉ាន់នី (TrueMoney: Mobile App) បន្ថែមលើការបង់ប្រាក់ដោយផ្ទាល់នៅស្នាក់ការនគរបាលចរាចរណ៍ផ្លូវគោក៕

To Top