ព័ត៌មានជាតិ

សមិទ្ធិផលក្នុងភូមិព្រៃស្នួល ត្រូវបានប្រគល់ជូន អាជ្ញាធរឃុំរវៀង ជាបន្តបន្ទាប់

ភ្នំពេញ៖ នៅថ្ងៃ៩ ខែសីហា ឆ្នាំ២០២២នេះ សមិទ្ធិផល ក្នុងភូមិព្រៃស្នួល ជាបន្តបន្ទាប់ ត្រូវបានប្រគល់ជូនអាជ្ញាធរឃុំរវៀង ដើម្បីចូលរួមថែរក្សា ការពារ ក៏ដូចជាដាក់ឱ្យប្រជាពលរដ្ឋប្រើប្រាស់ ជាប្រយោជន៍រួម។

សូមរំលឹកថា ភូមិព្រៃស្នួល ស្ថិតនៅក្នុងឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ត្រូវបានប្រែមុខមាត់ថ្មី ក្រោមការជួយឧបត្ថមផ្ទាល់ ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ពិធីប្រគល់-ទទួលនេះ ធ្វើឡើងក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក មុំ សោភ័ណ អនុប្រធានក្រុមការងារចុះពង្រឹងគណបក្សប្រជាជនកម្ពុជា ប្រចាំស្រុកសំរោង និងតំណាងលោក គឹម ពន្លក គឺអ្នកស្រី ស៊ិន សុធាវី ជំទប់ទី១ និងលោក ប្រាក់ សុផៃ ជំទប់ទី២ ព្រមទាំងក្រុមប្រឹក្សាឃុំរវៀង ផងដែរ។

ថ្លែងនៅក្នុងឱកាសនេះ លោក មុំ សោភណ្ឌ អនុប្រធានក្រុមការងារចុះពង្រឹងគណបក្សប្រជាជនកម្ពុជា ប្រចាំស្រុកសំរោង បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សា ការពារ សមិទ្ធិផលទាំងអស់នេះ ជាពិសេសមេភូមិ ដែលទើបនឹងឡើងកាន់តំណែងថ្មី ត្រូវយកចិត្តទុកដាក់បំរើ ប្រជាពលរដ្ឋ ឱ្យអស់ពីកម្លាំងកាយចិត្ត និងបញ្ជៀសរាល់ការបង្ករ ឱ្យមានការថ្នាក់ថ្នាំងចិត្តណាមួយ ពីសំណាក់ប្រជាពលរដ្ឋ។

ជាមួយនឹងសមិទ្ធិផលថ្មីនេះ អ្នកស្រី ស៊ិន សុធាវី ជំទប់ទី១ ឃុំរវៀង បានសម្ដែងការអបអរសាទរជាមួយប្រជាពលរដ្ឋ ក្នុងភូមិព្រៃស្នួល ដែលទទួលបានការយកចិត្តទុកដាក់ខ្ពស់ ពីប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ជំនួសមុខឱ្យប្រជាពលរដ្ឋ ក្នុងភូមិព្រៃស្នួល លោក សយ សុភាព បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនរដ្ឋបុរសសន្តិភាព សម្ដេចតេជោ ហ៊ុន សែន ចំពោះការជួយឧបត្ថម ដល់ការអភិវឌ្ឍន៍ ក្នុងភូមិមួយនេះ។

លោក សយ សុភាព បានឱ្យដឹងថា សមិទ្ធិផលដែលប្រគល់ជូនអាជ្ញាធរឃុំរវៀង ក្នុងពេលនេះ រួមមាន ក្លោងទ្វារចូលភូមិព្រៃស្នួល ប្រព័ន្ធប្រឡាយទឹកសម្រាប់ប្រជាកសិករស្រោចស្រពដំណាំ និងអាចធ្វើស្រែប្រាំង បានតាមការជាក់ស្ដែង និងការកែលម្អរផ្លូវថ្នល់ក្នុងភូមិ ការបំពាក់អំពូលសឡា បំភ្លឺផ្លូវជូនប្រជាពលរដ្ឋ ធ្វើដំណើរ ព្រមទាំងរៀបចំវេទិការ សម្រាប់ពិធីអុំទូក នាពេលខាងមុខ ៕

To Top