ក្រោយពេលបានដឹងដំណឹងពីគម្រោងនាំចេញផលិតផលសំបុកត្រចៀកកាំ ទៅកាន់ប្រទេសចិន លោក សេង សុខហេង ដែលជាអ្នកប្រកបរបរបង្កើតផ្ទះត្រចៀកកាំ ផ្គត់ផ្គង់ក្នុងស្រុកបានប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិន តាមទូរស័ព្ទ នាព្រឹកថ្ងៃទី៩ សីហា ២០២២ថា លោកមានចិត្តត្រេកអរជាខ្លាំង និងសាទរចំពោះដំណឹងនេះ ដោយលោកថា នឹងខិតខំបង្កើនទំហំអាជីវកម្ម ដើម្បីឆ្លើយតបនឹងការចូលរួមនាំផលិតផលរបស់លោកនាំទៅប្រទេសចិនដែរ ខណៈដែល កន្លងមក លោកក៏មានមហិច្ចតាចង់នាំចេញផលិតផលទឹកមាត់ត្រចៀកកាំនេះ ទៅកាន់ប្រទេសចិន ខណៈដែល កន្លងមក លោកក៏មានមហិច្ចតានាំចេញផលិតផលទឹកមាត់ត្រជាក់កាំនេះ ទៅកាន់ប្រទេសចិនផងដែរ។
«ខ្ញុំមានអារម្មណ៍សប្បាយ ព្រោះអីយើងបានទីផ្សារចិន គាត់ចូលមក ដើម្បីចំណែកហ្នឹង ហើយខ្ញុំក៏មានផែនការរបស់ខ្ញុំដែរ គឺគ្រោងបង្កើតឲ្យបានច្រើនសាខា នាំចេញទៅចិន ដែលយើងមានភ្ញៀវយើងនៅខាងហ្នុងដែរ ហើយយើងក៏សប្បាយចិត្តដែរ លឺថា មាន MOU មួយហ្នឹង គឺពួកខ្ញុំសប្បាយចិត្ត ហើយពួកយើងព្យាយាមពង្រឹង ផ្ទះសត្វ (ត្រចៀកកម្ម) ព្យាយាមច្នៃ ឲ្យកាន់តែល្អជាងហ្នឹង …ចំនួនដែលពួកយើងត្រូវទាក់ទងទៅពួកគាត់ ពេលដែលយើងគ្រប់គ្រាន់គម្រោងរបស់យើង គិតថា យើងបានផលច្រើនហើយ អាចនាំចេញបានពួកយើងនឹងទាក់ទងទៅ ប៉ុន្តែពួកយើងក៏មានផែនការហើយដែរ ដែលគ្រោងនឹងទៅទាក់ទងដើម្បីនាំចេញទៅចិន គ្រាន់តែថា រាល់ថ្ងៃ យើងទើបបាន៣គម្រោង ដែលយើងបានចាប់ដៃគ្នា…. ខ្ញុំរំពឹងថា ទឹកមាត់ (ត្រចៀកកម្ម) ខ្មែរយើងល្អ ព្រោះថា យើងព្យាយាមថែទាំ តាមបច្ចេកទេសស្តង់ដា ដែលអ្នកបច្ចេកទេសយើង ដែលគាត់ធ្លាប់បានទៅរៀន ធ្លាប់បានធ្វើ រំពឹងថា នឹងទទួលជោគជ័យច្រើន ហើយពាក់ព័ន្ធនឹងតម្លៃវិញ យើងមើកទីផ្សារជាក់ស្តែង គឺមិនអាចកំណត់បានទេ អាស្រ័យខាងក្រសួង កំណត់ប៉ុណ្ណា គឺប៉ណ្នឹង តែសង្ឃឹមថា បានតម្លៃល្អ»
បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្មបានឲ្យដឹងថា តាមស្ថិតិរបស់រដ្ឋបាលព្រៃឈើ ក្នុងឆ្នាំ២០២០ នៅទូទាំងប្រទេសមានផ្ទះត្រចៀកកាំចំនួន៨៧២ផ្ទះ និងអាចផ្តល់ផលចន្លោះពី១តោន-១,៥តោន/ខែ។ សំបុកត្រចៀកកាំទើបប្រមូល មានតម្លៃចាប់ពី៧០០-៩០០ដុល្លារ/គក្រ និងសំបុកត្រចៀកកាំ ដែលអាចបរិភោគបាន មានតម្លៃចាប់ពី ១៥០០-២០០០ដុល្លារ/គក្រ។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់និងនេសាទនៃប្រទេសកម្ពុជាបានឲ្យដឹងថា កម្ពុជាគ្រោងនឹងនាំចេញផលិតផលសំបុកត្រចៀកកាំទៅកាន់ទីផ្សារ ប្រទេសចិន។ ឯកឧត្តមបានឲ្យដឹងថា កាលពីថ្ងៃទី៨ សីហា ២០២២ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពី ” ការនាំចេញផលិតផលសំបុកត្រចៀកកាំទៅកាន់សាធារណរដ្ឋប្រជាមានិតចិន ។
លោក វេង សាខុន បានឲ្យដឹងថា អនុស្សរណៈយោគយល់គ្នានេះគឺត្រូវបានចុះហត្ថលេខា រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង មជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុង Xiamen នៃខេត្ត Fujian ប្រទេសចិន ខណៈដែលមជ្ឈមណ្ឌលនេះកំពុងតែសហការជាមួយក្រុមហ៊ុនចិន ក្នុងការរៀបចំផែនការវិនិយោគក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធប្រមូលទិញ កែច្នៃសំបុកត្រចៀកកាំនៅកម្ពុជា ដើម្បីនាំចេញទៅប្រទេសចិន និងមានបំណងផ្តល់កិច្ចសហការជួយកម្ពុជា ក្នុងការរៀបចំឯកសារចរចា បើកទីផ្សារ។
លោករដ្ឋមន្ដ្រីបានថ្លែងអំណរគុណជូនចំពោះនាយកមជ្ឈមណ្ឌលនេះ ចំពោះកិច្ចខិតខំប្រឹងប្រែង សហការ ជាមួយអគ្គនាយកដ្ឋានកសិកម្មក្នុងការជំរុញ លើកទឹកចិត្ត និងគាំទ្រផលិតផលកសិកម្មថ្មីមួយទៀត គឺការបើកទីផ្សារទឹកមាត់ត្រចៀកកាំកម្ពុជាទៅកាន់ទីផ្សារចិន នាពេលអនាគតដ៏ខ្លី។ លោក បានវាយតម្លៃខ្ពស់លើលទ្ធផលនៃការខិតខំប្រឹង ប្រែងរបស់ភាគីទាំងពីរ ដែលឈានមកដល់ការចុះហត្ថលេខាលើឯកសារ MOU នាពេលនេះ។
លោកបានលើកឡើងថា ទឹកមាត់ត្រចៀកកម្មកម្ពុជា កន្លងមក ផលិតសម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក និងមានការនាំចេញក្នុងបរិមាណតិចតូច និងក្រៅ ផ្លូវការ។ ឯកសារ MOU ដែលបានចុះហត្ថលេខានេះនឹងជួយបើកទីផ្សារចិន ដែលជាទីផ្សារធំជាងគេឲ្យទទួលយកផលិតផលមួយនេះ ជាផ្លូវការ ធានាបាននូវស្តង់ដាផលិតផលមានគុណភាព និងសុវត្ថិភាពសម្រាប់សុខភាពសាធារណ: ឆ្លើយតបបានតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានគយចិន។
លោកបញ្ជាក់ថា ផលិតកម្មទឹកមាត់ត្រចៀកកាំ (ការចិញ្ចឹម) ការប្រមូលផល ការកែច្នៃ ក៏នឹងត្រូវបានលើកកម្ពស់ ឆ្លើយតបបានតាមសេចក្តីត្រូវការទីផ្សារចិន តាមរយ:ការលើកកម្ពស់គុណភាពផលិត និងកែច្នៃ ស្រមតាមមតិរបស់លោកប្រធានមជ្ឈមណ្ឌលបានលើកឡើងថា មជ្ឈមណ្ឌលនឹងបង្កើតរោងចក្រកែច្នៃទឹកមាត់ត្រចៀកកាំនៅកម្ពុជា នាពេលអនាគតដ៏ខ្លី។
លោករដ្ឋមន្ដ្រីបានសាទរ និងបង្ហាញឆន្ទ:គាំទ្រលើដំណើរការនៃការអនុវត្តខ្លឹមសារ MOU របស់ភាគីទាំងពីរ ជាមួយភាគីពាក់ព័ន្ធ ក្នុងនោះ ក៏មានអ្នកចិញ្ចឹមផងដែរ។ ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ដ្រីបានអំពាវនាវដល់អ្នកចិញ្ចឹមត្រចៀកកាំ សូមអញ្ជើញមកទាក់ទង នៅអគ្គនាយកដ្ឋានកសិកម្ម ដើម្បីទទួលបានព័ត៌មានបន្ថែមទៀត៕