នយោបាយ

លោក ហ៊ុន ម៉ាណែត អញ្ជើញចូលជួប សម្តែងការគួរសម ជាមួយលេខាអចិន្ត្រៃយ៍ នៃគណៈកម្មាធិការ មជ្ឈិមបក្សកម្មុយនីស្ត វៀតណាម

ភ្នំពេញ៖ នារសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ លោក ហ៊ុន ម៉ាណែត បានអញ្ជើញដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការ គួរសមជាមួយ លោក វ៉ វ៉ាន់ធឿង លេខាអចិន្ត្រៃយ៍ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត វៀតណាម ។

ក្នុងជំនួបនេះ លោក វ៉ វ៉ាន់ធឿង បានសម្តែង នូវការវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេស និងប្រជាជនទាំងពីរ និងបានសម្តែងនូវការ កោតសរសើរ ចំពោះការអភិវឌ្ឍរីកចម្រើន របស់ប្រទេសកម្ពុជា នៅក្រោមការដឹកនាំរបស់សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន ។

ជាការឆ្លើយតប លោក ហ៊ុន ម៉ាណែត ក៏បានសម្តែងនូវការ ចាប់អារម្មណ៍ចំពោះការអភិវឌ្ឍរីកចម្រើន របស់ប្រទេសវៀតណាម នៅក្រោមការដឹកនាំ របស់បក្សកុម្មុយនីស្ត វៀតណាម និងបានចូលរួមអបអរសាទរ ចំពោះជោគជ័យ របស់ប្រទេស វៀតណាម ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ និងការគ្រប់គ្រងការរីករាលដាល នៃជម្ងឺកូវីដ១៩ ផងដែរ ។

ស្របពេលដែលឆ្នាំ២០២២នេះ គឺជាខួបអនុស្សាវរីយ៍លើកទី៥៥ នៃការបង្កើតចំណងការទូតរវាងប្រទេសទាំងពីរ និងខួបលើកទី៤៥ នៃទិវាចងចាំដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ក្នុងឆ្នាំ២០២២ លោក ហ៊ុន ម៉ាណែត ក៏បានឆ្លៀតយកឱកាសនេះ សម្តែងនូវការអរគុណចំពោះបក្ស រដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាម ដែលតែងបានជួយយកអាសារដល់ប្រជាជនកម្ពុជា ក្នុងគ្រប់កាលៈទេសៈ ក្នុងនាមជាអ្នកជិតខាងល្អ ទាំងក្នុងគ្រាលំបាក និងការឧបត្ថម្ភគាំទ្រ ដល់ដំណើរការកសាង និងអភិវឌ្ឍប្រទេស៕

To Top