ភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា កម្ពុជាអាចលក់កាបូនបាន គឺជារបត់ថ្មីមួយដែលកម្ពុជាអាចរកចំណូល ពីការអភិរក្សធនធានធម្មជាតិ។
ក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការអភិរក្សព្រៃឈើ ក្នុងតំបន់ការពារធម្មជាតិ នារសៀលថ្ងៃទី១០ សីហា លោក សាយ សំអាល់ បានបញ្ជាក់ថា ចំពោះការលក់កាបូនដែល កម្ពុជាទទួលបានជោគជ័យ ក្នុងការកៀរគរធនធាន ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ និងជីវចម្រុះ តាមរយៈការអនុវត្តគម្រោង រេដបូក REDD+ ដោយធានាដើមឈើឈរ ក៏អាចរកចំណូលសម្រាប់ការងារអភិរក្ស និងអភិវឌ្ឍន៍។

លោករដ្ឋមន្ដ្រីសង្ឃឹមថា ក្រុមហ៊ុនបរទេសធំៗផ្សេងទៀត អាចទិញកាបូនថែមទៀតរបស់កម្ពុជា។ លោកថា «សិក្ខាសាលា ស្តីពីការអភិរក្សព្រៃឈើ ក្នុងតំបន់ការពារធម្មជាតិ នាពេលនេះនឹងបានផ្សព្វផ្សាយបន្ថែម ទៀតដល់មហាជនឲ្យបានយល់ដឹងថា ពីភាពប្រសើរឡើង នៃការការពារអភិរក្សដែលអាច រកឃើញរបត់ថ្មីមួយយ៉ាងសំខាន់ នៃការលក់កាបូនរបស់កម្ពុជា»។
សូមបញ្ជាក់ថា ថវិកាដែលបានមកពីការលក់កាបូននេះ គឺបានយកទៅការពារ និងអភិរក្សធនធានធម្មជាតិ ពង្រឹងជីវភាពសហគមន៍ ដូចជាការអភិវឌ្ឍទេសចរណ៍ធម្មជាតិ ការចិញ្ចឹមសត្វ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ទឹកស្អាត ជួយដល់សាលារៀន មធ្យោបាយរបស់មន្រ្តីឧទ្យានុរក្ស បង្កើនប្រសិទ្ធភាពក្នុងការ គ្រប់គ្រងធនធានធម្មជាតិ និងការកសាងសមត្ថភាព មន្រ្តីរាជការថ្នាក់ក្រោមជាតិ លើវិស័យបរិស្ថានថែមទៀត ៕

