ព័ត៌មានជាតិ

សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញបូជាគ្រឿងសក្ការៈ ចេតីយ៍តម្កល់សព សម្តេច ហ៊ុន ណេង

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងក្រុមគ្រួសារ បងប្អូនសាច់ញាត្តិ បានមូលមតិគ្នាជាឯកច្ឆ័ន្ទ ប្រារព្វពិធីបុណ្យគម្រប់ខួប ១០០ថ្ងៃ ឧទ្ទិសកុសលជូនដល់ដួងវិញញញាណក្ខន្ធ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង នៅថ្ងៃទី១១ និងទី១២ ខែសីហា ឆ្នាំ២០២២។

ពិធីបុណ្យគម្រប់ខួប ១០០ថ្ងៃនេះ ធ្វើឡើងដោយមានការមូលមតិគ្នាជាឯកច្ឆ័ន្ទ ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត លោកស្រី លាង វួចឆេង ហ៊ុនណេង ឧបាសក ហ៊ុន ស៊ាងហេង លោកស្រី ហ៊ុន គឹមឡេង និងនាយឧត្តមសេនីយ៍ នេត សាវឿន អ្នកឧកញ៉ា ហ៊ុន តូ និងលោកស្រី លោកស្រី ហ៊ុន ចាន់ធូ និងស្វាមី លោកស្រី ហ៊ុន ចាន់ថា និងស្វាមី លោក ហ៊ុន តុលា និងភរិយា ត្រូវជាភរិយា ប្អូនបង្កើត ប្អូនថ្លៃ កូនបង្កើត ប្អូនប្រសារ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ។

នៅមុនពិធីបុណ្យទក្ខិណានុប្បទាន តាមប្រពៃណីព្រះពុទ្ធសាសនា សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ បងប្អូនសាច់ញាត្តិទាំងអស់ បានអញ្ជើញបូជាទៀនធូប ផ្គាភ្ញីទឹកអប់ប្រេងម៉្សៅគ្រឿងឧបភោគ បរិភោគ ភេសជ្ជៈគ្រប់សារពើ នៅទីសក្ការៈចេតីយ៍ តម្កល់សពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលមានទីតាំងស្ថិតរម្មីយដ្ឋានភ្នំប្រុស ក្នុងភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

សូមបញ្ជាក់ថា ចេតីយ៍តម្កល់សម្តេច ហ៊ុន ណេង ត្រូវបានកសាងឡើង ក្រោមរចនាបថសម័យទំនើបមានទំហំ ១១ម៉ែត្របួនជ្រុង និងកម្ពស់៣៣ម៉ែត្រ បំពាក់ទៅដោយគ្រឿងរចនាបថខ្មែរ និងការស្ថាបនាសួនឧទ្យានភ្លើងបំពាក់ផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធដទៃទៀត ៕

To Top