ភ្នំពេញ៖ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទស លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានថ្លែងឱ្យដឹងកាលពីថ្ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ថា សមត្ថកិច្ចបានឃាត់ខ្លួនយោធិន នៃកងរាជអាវុធហត្ថខេត្តកំពង់ធំ ចំនួន២នាក់ បន្ទាប់ពីធ្វើការស្រាវជ្រាវយ៉ាងល្អិតល្អន់ ជាប់ពាក់ព័ន្ធនឹងការបង្ក្រាបបទល្មើសល្បែងស៊ីសង -ប្រជល់មាន់តាមអនឡាញ នៅស្រុកបារាយណ៍ខេត្តកំពង់ធំ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២។
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានបញ្ជាក់ថា ជនសង្ស័យទាំង២នាក់ ខាងលើនេះ មានឈ្មោះ ទី១-ឈ្មោះ សុខ ម៉េងហុង ឋានៈអនុសេនីយ៍ឯក មុខងារនាយការិយាល័យព្រហ្មទណ្ឌ។ និង ២ ឈ្មោះ លុយ តាំងឈួយ ឋានៈអនុសេនីយ៍ឯក មុខងារប្រធានអង្គភាពនគរបាលយុត្តិធម៌។
បច្ចុប្បន្ននេះ, ជនសង្ស័យទាំង២នាក់ កំពុងត្រូវបានបញ្ជូនទៅកាន់ សាលាដំបូងខេត្តកំពង់ធំ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឱ្យដឹងថា: ចាប់ពីថ្ងៃទី៩ ខែសីហា ឆ្នាំ ២០២២ ក្រុមការងារចំពោះកិច្ចនៃ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះមកដល់ខេត្តកំពង់ធំ ធ្វើការ ស្រាវជ្រាវ ស៊ើបអង្កេតករណីប្រតិបត្តិការ បង្ក្រាបល្បែងស៊ីសងខុសច្បាប់ (ជល់មាន់តាមអនឡាញ) នៅចំណុចភូមិរូង ឃុំក្រវ៉ា ស្រុកបារាយណ៍ ហើយនឹងបិទបញ្ចប់ការស៊ើបអង្កេត ស្រាវជ្រាវនេះ។
កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានចុះប្រតិបត្តិការ ប្រើប្រាស់កម្លាំងចំនួន១៣នាក់ មធ្យោបាយរថយន្ត២គ្រឿង ម៉ូតូ១គ្រឿង ដឹកនាំដោយលោកអនុសេនីយ៍ឯក សុខ ម៉េងហុង មុខងារជានាយការិយាល័យព្រហ្មទណ្ឌ, លោកអនុសេនីយ៍ឯក លុយ តាំងឈួយ មុខងារជាប្រធានអង្គភាពយុត្តិធម៌ និងមានការ សម្របសម្រួលពីលោក សាយ វាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំ ដោយបានឱ្យលោក ឃឿន សុលាភ ជាក្រឡាបញ្ជីនៃអយ្យការ អមសាលាដំបូងខេត្តកំពង់ធំ ចូលរួម ក្នុងកិច្ចប្រតិបត្តិការនោះផងដែរ។
កម្លាំងជំនាញនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថខេត្ត កំពង់ធំ បានឃាត់ខ្លួនមនុស្សចំនួន៤នាក់ និងចាប់យកវត្ថុតាងម៉ូតូចំនួន ៦គ្រឿង ទូរទស្សន៍១ គ្រឿង CPUចំនួន១គ្រឿង បញ្ជួនទៅកាន់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ធំ ប៉ុន្តែក្នុង ពេលកំពុងធ្វើដំណើរតាមរថយន្តម៉ាក Toyota Sienna មានជនសង្ស័យម្នាក់ឈ្មោះ សួង ខ័ន បានទទួលមរណភាព។
នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធ ពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្តីសម្រេចលេខ ១០២/២០២២ សសរ, ស្តីពីការបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីធ្វើការត្រួតពិនិត្យ ស្រាវជ្រាវ នូវបាតុភាពមិនប្រក្រតី ក្នុងការប្រតិបត្តិតួនាទី ភារកិច្ចពាក់ព័ន្ធនឹងករណីយោធិននៃកងរាជ អាវុធហត្ថខេត្តកំពង់ធំ។ អំពីការអនុវត្តច្បាប់៖ ក្រោយពីក្រុមការងារចំពោះកិច្ច បានធ្វើការស្រាវជ្រាវ ស៊ើបអង្កេត តាមនីតិវិធីរួចមក ជំនាញមន្ត្រីនគរបាលយុត្តិធម៌ បានសុំគោលការណ៍ឃាត់ខ្លួនយោធិន កងរាជអាវុធហត្ថខេត្តកំពង់ធំ ដែលពាក់ព័ន្ធនឹងការប្រព្រឹត្ត អំពើល្មើសចំនួន២រូប មានជាអាទិ៍៖ ១-ឈ្មោះ សុខ ម៉េងហុង ឋានៈអនុសេនីយ៍ឯក មុខងារនាយការិយាល័យព្រហ្មទណ្ឌ។ ២ ឈ្មោះ លុយ តាំងឈួយ ឋានៈអនុសេនីយ៍ឯក មុខងារប្រធានអង្គភាពនគរបាលយុត្តិធម៌ ៕
ដោយ: លីហ្សា