ព័ត៌មានជាតិ

សម្តេចតេជោ បង្ហើបពីទស្សនកិច្ចផ្លូវការ ទៅកាន់ ប្រទេសគុយបា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២ បានបង្ហើបពីទស្សនកិច្ចផ្លូវការ ទៅកាន់ប្រទេសគុយបា នាខែកញ្ញា ខាងមុខនេះ បន្ទាប់ពីអញ្ជើញថ្លែងសុន្ទរកថា​នៅមហាសន្និបាតអង្គការសហប្រជាជាតិ ។

សម្តេចតេជោ បានថ្លែងថា “បន្ទាប់ចេញពីនោះមក ល្ងាចថ្ងៃទី២៣ ខែកញ្ញា ខ្ញុំទៅហោះធ្វើទស្សនកិច្ចនៅគុយបា ដែលទស្សនកិច្ចនេះ ធ្វើឡើងនៅថ្ងៃទី២៤-២៥ ខែកញ្ញា”។

ប្រទេសទាំងពីរ កម្ពុជា-គុយបា មានស្ថានឯកអគ្គរាជទូត និងរដ្ឋទូតរៀងៗ ដោយលោក ស្រី បាន បារុ៉ម ជាឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាព ប្រចាំរដ្ឋធានី ហាវ៉ាន់ណា ហើយលោកស្រី Liurka Rodriguez Barrios ជាអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា។

សម្តេចតេជោ ធ្លាប់បំពេញទស្សនកិច្ចជាផ្លូវការ ទៅកាន់ប្រទេសគុយបា នាឆ្នាំ១៩៩៩។

លោកស្រី Liurka Rodriguez Barrios បានជួបជាមួយ លោក ឆាយ ស៊ីវលីន ប្រធានសមាគម ទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) កាលពីខែមិថុនា ឆ្នាំ២០២២ ដើម្បីផ្សព្វផ្សាយគោលដៅ ទេសចរណ៍របស់ប្រទេសគុយបា ជូនភ្ញៀវទេសចកម្ពុជា។

តាមការប៉ាន់ស្មាន ប្រទសកម្ពុជា មានចម្ងាយប្រមាណ ១៦.០០០ គីឡូម៉ែត្រ ពីប្រទេសគុយបា ហើយការធ្វើដំណើរតាមជើងអាកាសចរណ៍ ដោយហោះភ្ជាប់ទៅកាន់ប្រទេស កាណាដា អាមេរិក រុស្ស៊ី បារាំង និងប្រទេសទៀត ជាមុនសិន មុនទៅដល់ប្រទេស ក្នុងតំបន់ការ៉ាប៊ីន។

លោកស្រី ឯកអគ្គរដ្ឋទូត បានប្រាប់កាសែតខ្មែរថែមស៍ នាពេលកន្លងទៅថា ការធ្វើដំណើរទៅកាន់ ប្រទេស គុយបា គឺមានប្រសើរជាមុន ដោយសារថ្មីៗនេះ ប្រធានាធិបតីអាមេរិក ចូបៃឌិន បានបន្ធូរបន្ថយ ទណ្ឌកម្មខ្លះ ពីការហោះហើរទៅកាន់ប្រទេសគុយបា ដោយសារនាពេលកន្លងមក អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចជាបន្តបន្ទាប់នា ឆ្នាំ២០១៩ និង២០២០។

ប្រទេសគុយបា ត្រូវរងទណ្ឌកម្មពីអាមេរិក ចាប់តាំងពីទសវត្សរ៍ឆ្នាំ៦០ ក្នុងវិបត្តិនុយក្លេអ៊ែរ នាសម័យ សង្រ្គាមត្រជាក់។

ប្រទសកម្ពុជា និងគុយបា មានទំនាក់ទំនងនឹងគ្នា នៅថ្ងៃទី ១៥ ខែមេសា ឆ្នាំ១៩៦០៕

To Top