ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហើបពីគម្រោង នៃការធ្វើដំណើរទស្សនកិច្ច ទៅកាន់ប្រទេសគុយបា នាថ្ងៃ២៤-២៤ ខែកញ្ញា ឆ្នាំ២០២២ខាងមុខនេះ ខណៈមុនថ្ងៃបំពេញទស្សនកិច្ចនេះ សម្តេចនឹងអានសុន្ទរកថា នៅអង្គការសហប្រជាជាតិ (UN) នាថ្ងៃ២៣ កញ្ញាផងដែរ ។
មុនចេញដំណើរទស្សនកិច្ច នៅគុយបានេះ សម្តេចក៏មានកម្មវិធីជាច្រើនផងដែរ សម្រាប់ដំណើរទស្សនកិច្ច នៅក្រៅប្រទេសក្នុងការ ចូលរួមកិច្ចប្រជុំនានា ក្នុងនាមជាប្រធានអាស៊ាន ។ បើតាមកម្មវិធីគ្រោងទុក ដែលបានសម្តេច បានរៀបរាប់ នៅព្រឹកថ្ងៃ១៧ សីហា ក្នុងឱកាសចែកសញ្ញាបត្រ ដល់និស្សិត សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រគឺថា សម្រាប់ថ្ងៃទី២៣ ខែកញ្ញាខាងមុខ សម្តេចក៏នឹងអញ្ជើញទៅថ្លែងសុន្ទរកថា នៅអង្គការសហប្រជាជាតិ ខណៈគម្រោង នឹងត្រូវអានតាមប្រព័ន្ធអនឡាញ តែក្នុងនាមជាប្រធានអាស៊ាន គឺត្រូវតែទៅអានផ្ទាល់ ។
សម្តេចបន្តថា “ប៉ុន្តែឥឡូវនេះ ត្រូវបានផ្លាស់ប្តូរជាមួយបង់ក្លាដេស ដែលគាត់មានម៉ោងពេលព្រឹក សុំឲ្យគាត់ទៅអាន ម៉ោងយើងនៅពេលល្ងាច ឯខ្ញុំមកអាននៅពេលព្រឹកវិញ”។
បន្ទាប់ពីនេះ សម្តេចថា “ខ្ញុំនឹងហោះទៅទស្សនកិច្ចនៅគុយបារ នៅថ្ងៃទី២៤-២៥ កញ្ញា ។ រសៀលថ្ងៃទី២៥ នឹងហោះចេញពីឡាហាវ៉ាន មកកាន់ទីក្រុងតូក្យូ ។ មកដល់ទីក្រុងតូក្យូល្ងាច ថ្ងៃទី២៦ កញ្ញា ។ ថ្ងៃ២៧ កញ្ញា នឹងចូលរួមបុណ្យសពអតីតនាយករដ្ឋមន្រ្តី ស៊ិន ហ្សូអាបេ ដែលជាមិត្តភិក្តរបស់យើង”។
ក្រៅពីនោះសម្រាប់ខែវិច្ឆិកាវិញ សម្តេចនាយករដ្ឋមន្រ្តីថា សម្តេចនឹងអញ្ជើញទៅចូលរួមកិច្ច ប្រជុំG20 នាថ្ងៃ១៥ វិច្ឆិកា នៅកោះបាលី តាមការអញ្ជើញ ពីលោក សូកូវី ប្រធានាធិបតីឥណ្ឌូនេស៊ី ។ សម្តេចថា បន្ទាប់ពីចេញពីឥណ្ឌូនេស៊ី នឹងត្រូវធ្វើដំណើរ ទៅកាន់ទីក្រុងបាងកក តាមការអញ្ជើញរបស់លោក ប្រាយុទ្ធ ច័ន្ទអូចារ ជានាយករដ្ឋមន្រ្តី ដើម្បីចូលរួមកិច្ចប្រជុំ APEC ដែលថៃ ធ្វើជាម្ចាស់ផ្ទះនាឆ្នាំនេះផងដែរ ៕