ភ្នំពេញ៖ កងកម្លាំងនគរបាលការពារព្រំដែនទឹក សហការជាមួយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០២២ បានធ្វើការបង្រា្កប និង ចាប់ឃាត់ខ្លួន ជនសង្ស័យជាមេខ្លោងជួញដូរគ្រឿងញៀន ជនជាតិចិន ចំនួន ៥ នាក់ និង រឹបអូសបាន គ្រឿងញៀន ចំនួន ៩២៤គីឡូក្រាម នៅក្នុងខេត្តព្រះសីហនុ។
សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន បានអោយដឹងថា: ការបង្ក្រាប និង ចាប់ឃាត់ខ្លួនជនសង្ស័យមេខ្លោងជួញដូរគ្រឿងញៀន ជនជាតិ ខាងលើនេះ ត្រូវបានធ្វើឡើង នៅវេលាម៉ោង ៨:៣០នាទីយប់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ បន្ទាប់ពីសមត្ថកិច្ចនគរបាលជំនាញ បានទទួលព័ត៌មានពីមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
សមត្ថកិច្ចនគរបាលបានបញ្ជាក់ថា នៅក្នុងប្រតិបត្តិការបង្ក្រាប និង ចាប់ខ្លួនជនសង្ស័យនោះ, កម្លាំងនគរបាលការពារព្រំដែនទឹក សហការជាមួយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន បានរឹបអូស ម្សៅក្រាមពណ៌សថ្លាចំនួន៤៤ដុំ ដោយក្នុង១ដុំ មានទម្ងន់ ២១គីឡូក្រាម ហើយទម្ងន់សរុបមានចំនួន ៩២៤គីឡូក្រាម។
សមត្ថកិច្ចនគរបាល ក៏បាន ដកហូតអូប័រចំនួន១គ្រឿង និងទូកឈើចំនួន ១គ្រឿង ផងដែរ។
បច្ចុប្បន្ននេះ, ជនសង្ស័យទាំង៥នាក់ រួមនឹងគ្រឿងញៀន ៩២៤គីឡូក្រាម ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដែលជាសាម៉ីករណី ដើម្បីបន្តកាស្រាវជ្រាវ ស៊ើបអង្កេតបន្ថែម និង រៀបចំ សំណុំរឿង បែបបទ ដើម្បីខ្លួន ជនសង្ស័យទាំង៥នាក់ ទៅកាន់ តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់របស់ប្រទេសកម្ពុជា៕ ដោយ: លីហ្សា