ភ្នំពេញ៖ គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ.) បានឲ្យដឹងថា ក្នងឆមាសទី១ ឆ្នាំ២០២២ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ១.៦០៩លើក បណ្ដាលឲ្យមនុស្សស្លាប់ចំនួន ៩៤២នាក់ និងរបួសចំនួន ២.២៣៥ ខណៈរបួសធ្ងន់ចំនួន ១.៤២៩នាក់។
យោងតាមរបាយការណ៍ បូកសរុបលទ្ធផលការងារ សុវត្ថិភាពចរាចរផ្លូវគោក ប្រចាំឆមាសទី១ របស់គ.ស.ច.គ. បង្ហាញថា «ក្នុងឆមាសទី១ ឆ្នាំ២០២២ គ្រោះថ្នាក់កើតឡើងសរុប ១.៦០៩លើក (យប់៥៧%) បណ្ដាលឲ្យស្លាប់៩៤២ នាក់ និងរបួស២.២៣៥នាក់ (ធ្ងន់១.៤២៩នាក់)។ មូលហេតុបង្កគ្រោះថ្នាក់រួមមាន ល្មើសល្បឿន៣៨% បើកបរមិនគោរពសិទ្ធិ២៤% មិនប្រកាន់ស្តាំ១១% វ៉ាជែង១១% បត់១០% ស្រវឹង៣% កត្តាយាន២% និងងងុយ១%។ ក្នុងចំណោមអ្នកស្លាប់ជាអ្នកជិះម៉ូតូចំនួន ៨១% (៧៥៩/៩៤២នាក់) មានអ្នកមិនពាក់មួកសុវត្ថិភាពចំនួន ៧៤% (៥៥៨/ ៧៥៩នាក់)”។
ក្នុងនោះគ្រោះថ្នាក់បានកើតឡើងច្រើន នៅរាជធានីភ្នំពេញ ៤៥៨លើក ខេត្តកណ្តាល ១១៧លើក និងខេត្តព្រះសីហនុ ៩៧លើក។
របាយការណ៍ ដដែលឲ្យដឹងទៀតថា តាមរយៈការរឹតបន្តឹងការ អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក សមត្ថកិច្ចក៏បានពិន័យ យានយន្តល្មើសច្បាប់ចំនួន ៨៨.៩៣២ គ្រឿង។ ដោយឡែក ការពិនិយប្រចាំឆមាសទី១ នៅទូទាំងប្រទេសបានទឹកប្រាក់ចំនួន ៧.៥៦០.២៦៥.០០០រៀល។
ជាមួយគ្នានេះ ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃ ខុសលក្ខណៈបច្ចេកទេសរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២២ បានធ្វើការត្រួតពិនិត្យយានយន្តចំនួន ៣០.១៥០គ្រឿង យានយន្តត្រឹមត្រូវចំនួន ២៤.៨៤៨គ្រឿង យានយន្តខុសលក្ខណៈបច្ចេកទេសចំនួន ៥.៣០២គ្រឿង ៕