ព័ត៌មានជាតិ

លោក ហេង សុផាន់ណារិទ្ធ ធ្វើបទអន្តរាគមន៍​ ក្នុងកិច្ចប្រជុំបូកសរុប លទ្ធផលការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ និងលើកទិសដៅការងារ ឆមាសទី២ ឆ្នាំ២០២២

ភ្នំពេញ៖ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ និងលើកទិសដៅការងារ ឆមាសទី២ ឆ្នាំ២០២២ នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២នេះ លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. ប្រធានក្រុមការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក​ សម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. និងជាសមាជិកគណៈកម្មការ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញធ្វើបទអន្តរាគមន៍ ស្តីពីសុវត្ថិភាពរថយន្ត ដឹកកម្មករនិយោជិត ជូនអង្គប្រជុំ។

ក្នុងបទអន្តរាគមន៍ខាងលើ លោកបណ្ឌិត បានថ្លែងថា៖ កន្លងមក ប.ស.ស. ដែលមានក្រុមការងារ សុវត្ថិភាពចរាចណ៍ផ្លូវគោក សម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) ជាសេនាធិការ បានរួមចំណែកក្នុងការចុះផ្សព្វផ្សាយអប់រំច្បាប់ ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជូនដល់បងប្អូនកម្មកនិយោជិត និងអ្នកបើកបររថយន្តដឹកកម្មករនិយោជិត សរុបចំនួន ២ ៦៤៥លើក ដែលមានអ្នកចូលរួម សរុបចំនួន ៣៥៩ ៨៤៨នាក់ (អ្នកបើកបរ ១១១ ៦៦៨ដង/នាក់ និងកម្មករនិយោជិត ២៤៨ ១៨០នាក់) និងធ្វើបច្ចុប្បន្នភាព អ្នកបើកបររថយន្តដឹកកម្មករ និងកម្មករនិយោជិត ដែលធ្វើដំណើរតាមរថយន្ត រ៉ឺម៉កម៉ូតូ ម៉ូតូ កង់ ថ្មើរជើង និងការប្រើប្រាស់មួកសុវត្ថិភាព ដោយផ្ទាល់ ព្រមទាំងធ្វើការជំរុញ លើមធ្យោយបាយដឹកជញ្ជូន កម្មករនិយោជិត ដោយធ្វើការផ្លាស់ប្តូរ ពីរថយន្តដឹកទំនិញ មកប្រើប្រាស់រថយន្តដឹកអ្នកដំណើរ សម្រាប់ដឹកកម្មករនិយោជិត និងបានសហការជាមួយក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងអស់ ដែលមានភារកិច្ចលើការងារចរាចរណ៍ ក្នុងន័យបង្កើនការយល់ដឹង ទៅលើសុវត្ថិភាពក្នុងការធ្វើដំណើរ ធ្វើយ៉ាងណាចូលរួមទប់ស្កាត់ ទៅលើករណីគ្រោះថ្នាក់ចរាចណ៍ផ្លូវគោក ឲ្យមកនៅកម្រិតទាបបំផុត។

តាមរយៈបទអន្តរាគមន៍នេះ លោកបណ្ឌិត បានបញ្ជាក់ទៀតថា៖ នៅឆមាសទី១ ឆ្នាំ២០២២ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បានកើតឡើងលើកម្មករនិយោជិត ចំនួន ១ ៦៣០ករណី ជនរងគ្រោះចំនួន ១ ៨៨៤នាក់ (ស្លាប់ ៥៣នាក់ របួសធ្ងន់ ៥០២នាក់ និងរបួសស្រាល ១ ៣២៩នាក់) ។

ក្នុងចំណោមគ្រោះថ្នាក់ខាងលើ ពាក់ព័ន្ធនឹងម៉ូតូចំនួន ១ ៥៣០ករណី មានជនរងគ្រោះចំនួន ១ ៦៨៣នាក់ រថយន្ដចំនួន ៤២ករណី មានជនរងគ្រោះចំនួន ១៣៦នាក់ រ៉ឺម៉កចំនួន ៨ករណី មានជនរងគ្រោះ ១៤នាក់ កង់ចំនួន ១៣ករណី មានជនរងគ្រោះចំនួន ១៤នាក់ ថ្មើរជើងចំនួន ៣២ករណី មានជនរងគ្រោះចំនួន ៣២នាក់ និងគ្រោះថ្នាក់ផ្សេងៗចំនួន ៥ករណី មានជនរងគ្រោះចំនួន ៥នាក់ ដែលនេះបង្ហាញពីការថយចុះ បើធៀបទៅនឹងឆមាសទី១ ឆ្នាំ២០២១ កន្លងទៅ។

សូមបញ្ជាក់ថា៖ កិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាព ចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ និងលើកទិសដៅការងារ ឆមាសទី២ ឆ្នាំ២០២២ ខាងលើនេះ ប្រព្រឹត្តទៅនៅទីស្តី ការក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួម ពីតំណាងក្រសួង ស្ថាប័ន មន្ទីរ និងអង្គភាពពាក់ព័ន្ធនានា សរុបប្រមាណជាង ៣០០នាក់៕

To Top