ព័ត៌មានជាតិ

សម្ដេច ស ខេង បញ្ជាអាជ្ញាធរ រឹតបន្ដឹងយ៉ាងម៉ឺងម៉ាត់ ចំពោះអាជីវកម្មដឹកជញ្ជូន ដី គ្រួស ខ្សាច់ (Video)

ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានចេញបទបញ្ជា ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការរឹតបន្ដឹងយ៉ាងម៉ឺងម៉ាត់ ចំពោះអាជីវកម្មដឹកជញ្ជូន ដី គ្រួស ខ្សាច់ ដោយតម្រូវឲ្យគ្របជិត ហើយត្រូវមានវិធានការច្បាប់ ចំពោះការបំពាន ។

ក្នុងកិច្ចប្រជុំបូកសរុបការងារសុវត្ថិភាព ចរាចរណ៍ផ្លូវគោក ឆមាសទី១ និងលើកទិសដៅការងារ ឆមាសទី២ ឆ្នាំ២០២២ របស់ គ.ស.ច.គ នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ សម្ដេច ស ខេង ថ្លែងថា អាជ្ញាធរ ត្រូវជំរុញការបំពាក់បរិក្ខាសុវត្ថិភាពលើផ្លូវថ្នល់ រួមមាន៖ ភ្លើងស្ដុប ផ្លាកសញ្ញា និងគំនូសសញ្ញាចរាចរណ៍នៅតាមផ្លូវថ្នូល់ ដែលរាជធានី-ខេត្ត ទទួលខុសត្រូវ។

សម្ដេចមានប្រសាសន៍ថា «ត្រូវធ្វើការរឹតបន្តឹងយ៉ាងម៉ឹងម៉ាត់ចំពោះអាជីវកម្មដឹកជញ្ចូន ដី គ្រួស ខ្សាច់ ត្រូវគ្របឲ្យបានជិត ហើយត្រូវសម្អាតផ្លូវថ្នល់ជាប្រចាំ និងត្រូវមានវិធានការរដ្ឋបាល និងវិធានការច្បាប់យ៉ាងតឹងរ៉ឹងចំពោះការបំពាន»។

សម្ដេច ក៏បានណែនាំដល់អាជ្ញាធរ ត្រូវបន្តធ្វើការគ្រប់គ្រងយានដ្ឋានកែច្នៃ តម្លើងយានយន្ត អំពីលិខិត ស្នាមដែលច្បាប់បានកំណត់ និងធានាការកែច្នៃតម្លើង យានយន្តឲ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស ជាពិសេស ត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់ ទប់ស្កាត់ និងបង្ក្រាបការនាំចូលរថយន្តចង្កូតស្តាំមកក្នុងផ្ទៃប្រទេស តាមការណែនាំសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សម្ដេចបន្ដថា ត្រូវធ្វើការគ្រប់គ្រងដីចំណីផ្លូវឲ្យបានគត់មត់ ដោយទប់ស្កាត់ការសាងសង់ ឬប្រើប្រាស់ខុសច្បាប់ប៉ះពាល់ដល់សុវត្ថិភាពចរាចរណ៍ និងការកសាងពង្រីក បន្ថែមហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។

នាឱកាសនោះដែរ សម្ដេច ស ខេង សង្កេតឃើញថា ឆមាសទី១ ឆ្នាំ២០២២ អត្រាគ្រោះថ្នាក់ចរាចរណ៍ និងចំនួនអ្នកស្លាប់ នៅតែមានការកើនឡើង គួរឲ្យកត់សម្គាល់ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១ ដោយគិតជាមធ្យម ក្នុងមួយថ្ងៃគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ៩លើក ស្លាប់ចំនួន ៥នាក់ និងរបួស១០នាក់៕

To Top