បន្ទាយមានជ័យ៖ ជនសង្ស័យប្រុស-ស្រី ចំនួន០៥នាក់ ត្រូវបានកម្លាំងនគរបាលជំនាញ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅចំនុចផ្ទះសំណាក់ ហេង គង់ ផ្ទះសំណាក់ហេងគង់ ភូមិ ជំទាវ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ជនសង្ស័យទាំង៥នាក់ រួមមាន៖ ១-ឈ្មោះ ប៉ក់ ជាលី អាយុ៣២ឆ្នាំ មុខរបរ ជានគរបាលជាតិ នៅការិយាល័យ(ក៧) នៃនាយកដ្ឋានសេដ្ឋកិច្ចក្រសួងមហាផ្ទៃ។ ២-ឈ្មោះ ឡាំ សុថេត ហៅ ឡាំ ឡុច ភេទប្រុស អាយុ ២៧ឆ្នាំ (មានដីកាចាប់ខ្លួន ពីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស និងជាមុខសញ្ញាធ្លាប់ប្រើប្រាស់អាវុធ ស្ទាក់បាញ់ប្រុងរំដោះអ្នកទោស កាលពី ឆ្នាំ២០២១ និងដកហូតអាវុធខ្លី ១ដើម គ្រាប់០៤គ្រាប់ ។
៣-ឈ្មោះ នួន វីរ: ភេទប្រុស អាយុ ១៧ឆ្នាំ នៅភូមិថ្មី សង្កាត់ផ្សាកណ្តាល ក្រុងប៉ោយប៉ែត។ ៤-ឈ្មោះ តាំង ស្រីវី ភេទស្រី អាយុ១៧ឆ្នាំ ភូមិថ្មី សង្កាត់ផ្សាកណ្តាល ក្រុងប៉ោយប៉ែត និងទី៥-ឈ្មោះ ស៊ិន សុហេង ភេទប្រុសអាយុ២៧ឆ្នាំ នៅភូមិ.សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យជំនាញ កំពុងសួរនាំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការបន្តតាមនីតិវិធី៕ ដោយ ប៊ុន សំណាង