ភ្នំពេញ ៖ អភិបាលខណ្ឌចំនួន៣រូប ត្រូវបានតែងតាំងថ្មី និង៥រូបទៀត ត្រូវបានផ្លាស់ប្តូរ ពីខណ្ឌមួយទៅខណ្ឌមួយ ដែលពិធីប្រកាសតែងតាំង និងផ្ទេរភារកិច្ចនេះ ធ្វើឡើង នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ នៅសាលារដ្ឋបាលរាជធានីភ្នំពេញ ។

មន្ត្រីដែលត្រូវតែងតាំង ជាអភិបាលខណ្ឌថ្មី៣រូប រួមមាន៖ ទី១-លោក សក់ ច័ន្ទកញ្ញារិទ្ធ ពីអភិបាលរង ខណ្ឌសែនសុខ ទៅជាអភិបាល ខណ្ឌពោធិ៍សែនជ័យ ។ ទី២-លោក កៀង ល័ក្ស ពីអភិបាលរង ខណ្ឌកំបូល ទៅជាអភិបាលខណ្ឌចំការមន និងទី៣-លោក ជា ខេមា ពីអភិបាលរង ខណ្ឌព្រែកព្នៅ មកអភិបាលខណ្ឌដូនពេញ ។

ចំពោះអភិបាលខណ្ឌចំនួន៥រូប ដែលត្រូវបានផ្ទេរភារកិច្ច រួមមាន៖ ទី១ លោក ហែម ដារិទ្ធិ ពីអភិបាលខណ្ឌពោធិ៍សែនជ័យ ទៅជាអភិបាលខណ្ឌមានជ័យ ។ ទី២ -លោក ធីម សំអាន ពីអភិបាលខណ្ឌបឹងកេងកង ទៅជាអភិបាលខណ្ឌព្រែកព្នៅ ។ ទី៣-លោក សុខ សម្បត្តិ ពីអភិបាលខណ្ឌ ព្រែកព្នៅ ទៅជាអភិបាលខណ្ឌបឹងកេងកង ។ ទី៤-លោក លីម សុភា ពីអភិបាលខណ្ឌ៧មករា ទៅជាអភិបាលខណ្ឌជ្រោយចង្វារ ។ ទី៥ -លោក ថេង សុថុល ពីអភិបាលខណ្ឌចំការមន ទៅជាអភិបាលខណ្ឌ៧មករា ។

ដោយឡែកលោក ពេជ្រ កែវមុនី ត្រូវបានផ្ទេរពីអភិបាលខណ្ឌមានជ័យ ឱ្យមកបម្រើការងារនៅទីស្ដីការក្រសួងមហាផ្ទៃ។

ក្នុងឱកាសនោះ លោក ឃួង ស្រេង បានសម្តែងនូវការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់អាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ដែលបានប្ដេជ្ញាចិត្តយ៉ាងមុតមាំ មានឆន្ទៈស្រួចស្រាល យកអស់កម្លាំងកាយចិត្ត ព្រមទាំងប្រាជ្ញាស្មារតី ក្នុងការបំពេញតួនាទីភារកិច្ច ការពារជាតិមាតុភូមិ រក្សាបាននូវសន្តិសុខ សុវត្ថិភាព ជូនសង្គមជាតិនិង សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ ជាមួយនឹងការផ្ដល់នូវការអភិវឌ្ឍ ផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕






