ព័ត៌មានជាតិ

អភិបាលខេត្តស្វាយរៀង សម្ពោធដាក់ឲ្យដំណើរ ការការិយាល័យ ច្រកចេញចូលតែមួយ និងការិយាល័យ ប្រជាពលរដ្ឋស្រុកចន្ទ្រា

ស្វាយរៀង ៖ លោក ម៉ែន វិបុល អភិបាល ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញសម្ពោធ ដាក់ឲ្យដំណើរការ ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ ស្រុកចន្ទ្រា ស្ថិតនៅបរិវេណសាលាស្រុកចន្ទ្រា ។

ពិធីនេះមានការ មានចូលរួមពីលោកហែម ពិសិដ្ឋអភិបាលរងខេត្ត លោកប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធនានាក្នុងខេត្ត តំណាងកងកម្លាំង ប្រដាប់អាវុធទាំងបីប្រភេទ លោកនាយកទីចាត់ការហិរញ្ញវត្ថុ សាលាខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការសាលាស្រុក និងការិយាល័យនានាជុំវិញស្រុក ប្រធាន មន្ត្រីជួរមុខ មន្ត្រីជួរក្រោយ នៃការិយាល័យច្រកចេញចូលតែមួយ មេឃុំ ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៦ឃុំ ព្រមទាំងបងប្អូន ប្រជាពលរដ្ឋជាច្រើនរូបទៀត។

លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានថ្លែងថា មន្រ្តី និងបុគ្គលិកបម្រើការងារ នៅការិយាល័យច្រកចេញចូលតែមួយ ត្រូវមានអាកប្បកិរិយា ទន់ភ្លន់ សាមញ្ញ រួសរាយ រាក់ទាក់ ត្រូវប្រកាន់ភ្ជាប់នូវគោលការណ៍ក្រមសីលធម៌វិជ្ជាជីវៈ ស័ក្ដិសមជាអ្នកផ្ដល់សេវាជូនប្រជាពលរដ្ឋ ។

លោកបានបន្តថា រដ្ឋបាលស្រុកត្រូវមានយន្តការ ត្រួតពិនិត្យតាមដានឲ្យបានជាប់ជាប្រចាំ និងគាំទ្រដល់ដំណើរការ ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ នៅរដ្ឋបាលស្រុក ដើម្បីធានាថាការផ្តល់សេវារដ្ឋបាលទាំងនេះ ដំណើរការប្រកបដោយតម្លាភាព និងគណនេយ្យភាពស្រប តាមគោលការណ៍បែបបទ និងនីតិវិធីដែលបានកំណត់ ។

ជាមួយគ្នានេះ សម្រាប់មន្ទីរជំនាញពាក់ព័ន្ធ សូមបន្តខិតខំជំរុញ និងសម្របសម្រួល ដើម្បីពន្លឿនការផ្ទេរសេវានានា ដែលនៅសេសសល់ មកឲ្យការិយាល័យច្រកចេញចូលតែមួយ នៅសាលាស្រុករួមទាំងការ គាំទ្រខាងបច្ចេកទេស និងការកសាងសមត្ថភាព ដល់ការផ្តល់សេវាទាំងនេះ ឲ្យកាន់តែមានប្រសិទ្ធភាព ក្នុងនោះ មន្ទីរពាក់ព័ន្ធទាំងអស់ត្រូវ ចូលរួមជួយផ្សព្វផ្សាយ និងជំរុញឲ្យប្រជាពលរដ្ឋ ដែលមានមូលដ្ឋាននៅក្នុងស្រុកចន្ទ្រា មកទទួលសេវា តាមរយៈការិយាល័យច្រកចេញចូលតែមួយស្រុក ដោយមិនត្រូវទទួលពាក្យស្នើសុំសេវានៅមន្ទីរ បន្តទៀតនោះទេ បន្ទាប់ពីការិយាល័យនេះ បានបើកឲ្យដំណើរការជាផ្លូវការ នាពេលនេះ ។

លោកបានបន្តថា ដោយបច្ចុប្បន្នករណីជំងឺកូវីដ-១៩ នៅតែជាបញ្ហាប្រឈមនៅឡើយ ហើយការិយាល័យ ច្រកចេញតែមួយរបស់យើង ជាកន្លែងផ្ដល់សេវាផ្ទាល់ ជូនប្រជាពលរដ្ឋ ដូច្នេះ រដ្ឋបាលស្រុក ត្រូវចាត់ចែងរៀបចំឲ្យមានជែល ឬ អាល់កុល និងម៉ាស សម្រាប់មន្ត្រីរាជការបម្រើការងារ ក្នុងការិយាល័យច្រកចេញចូលតែមួយប្រើប្រាស់ និងណែនាំឲ្យប្រជាពលរដ្ឋពាក់ម៉ាស និងលាងដៃ ពេលចេញចូលទទួលសេវានៅក្នុងការិយាល័យច្រក ។

លោកអភិបាលខេត្ត បានស្នើដល់រដ្ឋបាលស្រុក និងឃុំ ត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀត ក្នុង កិច្ចការដឹកនាំការ អនុវត្តវិធានការបង្ការ ទប់ស្កាត់ការ រីករាលដាល នៃជំងឺកូវីដ-១៩ និងជំរុញដឹកនាំការងារចាក់វ៉ាក់សាំងឲ្យបានកាន់តែសកម្មថែមទៀត ស្របតាម ការណែនាំ របស់ប្រមុខ រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល និងក៏សូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ បន្តមានការប្រុងប្រយ័ត្ន កុំឲ្យមានការធ្វេសប្រហែស ដោយប្រកាន់ខ្ជាប់នូវវិធានការ ៣ការពារ ៣កុំ និងអញ្ជើញទៅទទួលការចាក់វ៉ាក់សាំង ទាំងដូសមូលដ្ឋាន និងដូសជំរុញ(ទី៣ ទី៤ និងទី៥) ឲ្យបានគ្រប់ៗគ្នា ៕

To Top