ស្វាយរៀង ៖ ពលរដ្ឋនៅក្នុងក្រុងស្វាយរៀង កំពុងមានការព្រួយបារម្ភអំពីបច្ចេកទេស ក្នុងការដាក់លូនិងសាងសង់ផ្លូវ ខណៈការដេញថ្លៃធ្លាក់ ត្រឹម៥០% ទៅ ៦០% ។
បើតាមអ្នកជំនាញបច្ចេកទេសលើកឡើង នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ ថា ការដេញថ្លៃក្នុងគ្រោងមួយនេះ មានការបញ្ចុះតម្លៃទាប ជាហេតុ ធ្វើឲ្យពលរដ្ឋមានការព្រួយបារម្ម គ្មានទំនុកចិត្ត លើគុណភាព សូមឲ្យម្ចាស់គម្រោង គ្រប់សង្កាត់ ចុះត្រួតពិនិត្យ គុណភាពសំណង់ឲ្យបានម៉ត់ចត់ នៅពេលក្រុមហ៊ុនទទួលការចាប់ដំណើរការសាងសង់ ដើម្បីធានា ការសាងសង់មានគុណភាព ត្រឹមត្រូវតាមស្តង់ដា បច្ចេកទេស និងកិច្ចសន្យានៃគម្រោង។
សង្កាត់ដែលត្រូវដេញគំរោងរួមមាន៖
១,សង្កាត់ស្វាយរៀង ដាក់ដេញថ្លៃកិច្ចសន្យា គម្រោង សាងសង់លូមូលរំដោះទឹកប្រវែង១,០០០ម៉ែត្រ មុខកាត់០,៦០ ម៉ែត្រ និងស្លាកគម្រោង១ តម្លៃប៉ាន់ស្មាន ២៣៣,៩២៤,០០០រៀល មានក្រុមហ៊ុនដាក់ដេញថ្លៃចំនួន៥ក្រុមហ៊ុន លទ្ធផលបានទៅលើក្រុមហ៊ុនសូ សាវឿន អ្នកចូលដេញថ្លៃឈ្មោះសូ ចាន់ដា ដាក់តម្លៃ១២០,០០០,០០០រៀល តម្លៃទាបអាចទទួលយកបាន។
២,សង្កាត់ព្រៃឆ្លាក់ គម្រោងកែលម្អ ផ្លូវក្រាលបេតុងអាមេ ប្រវែង៤៥០ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ និងធ្វើស្លាកគម្រោង១។តម្លៃប៉ាន់ស្មាន២២៧,៦៨៧,៥០០រៀល មានក្រុមហ៊ុនចូលដាក់ដេញថ្លៃចំនួន០៦ក្រុមហ៊ុន លទ្ធផល បានទៅលើក្រុមហ៊ុន សូ សាវឿន អ្នកដេញថ្លៃ ឈ្មោះសូ សាវឿន ដាក់ ១៥៣,០០០,០០០រៀលតម្លៃទាបអាចទទួលយកបាន។
៣,សង្កាត់ចេក គម្រោង សាងសង់លូមូលរំដោះទឹក ប្រវែង១,២៥០ម៉ែត្រ មុខកាត់០,៦០ម៉ែត្រ ស្លាកសញ្ញាគម្រោង១ តម្លៃប៉ាន់ស្មាន ២៩១,៧៤៧,៥០០រៀល មានក្រុមហ៊ុនចូលដាក់ដេញថ្លៃ ចំនួន០៦ក្រុមហ៊ុន លទ្ធផលបានទៅលើក្រុមហ៊ុន កែវ សុភក្ត័ អ្នកដេញថ្លៃឈ្មោះកែវ សុភក្ត័ ដាក់១៣៣,០០០,០០០រៀល តម្លៃទាបអាចទទួលយកបាន។
៤,សង្កាត់ស្វាយតឿ កិច្ចសន្យាគម្រោង ជួសជុលលូមូល ប្រវែង៨២០ម៉ែត្រ មុខកាត់០,៦០ម៉ែត្រ តម្លៃប៉ាន់ស្មាន១៩១,៧១៨,៥០០រៀល មានក្រុមហ៊ុនចូលដាក់ដេញថ្លៃចំនួន០៧ក្រុមហ៊ុន លទ្ធផល បានទៅលើក្រុមហ៊ុនកែវសុភក្ត័ អ្នកដេញថ្លៃឈ្មោះ កែវ កាឡាវី ដាក់ ៨៧,៧៤០,០០០រៀល តម្លៃទាបអាចទទួលយកបាន។
៥,សង្កាត់ពោធិតាហោ កិច្ចសន្យាគម្រោងសាងសង់ផ្លូវដី ក្រាលបេតុងអាមេ ប្រវែង២៤២ម៉ែត្រ ទទឹង០៥ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ តម្លៃប៉ាន់ស្មាន ១០៦,០៣៩,៨០០រៀល មានក្រុមហ៊ុនចូលដាក់ដេញថ្លៃ០៨ក្រុមហ៊ុន លទ្ធផលបានទៅលើក្រុមហ៊ុន សុគុន្ធសម្បត្តិ ៥៥៥ ឯក អ្នកចូលដេញថ្លៃ ឈ្មោះ ចៅ ស្រី ពេជ ដាក់តម្លៃ ៦១,៩៥២,០០០រៀល ដាក់តម្លៃទាបអាចទទួលយកបាន។ចំណែក ការដេញថ្លៃនៅសង្កាត់សង្ឃ័រ និងសង្កាត់គយត្របែក ក៏មានការដេញថ្លៃបែបប្រកាប់ប្រាក់គ្នាដែរអ្នកដេញថ្លៃនិយាយថា គម្រោងបែក គឺដេញថ្លៃដាក់ទាបក្រោម៥០%ដែរ។
បើតាមអ្នកចូលដេញថ្លៃម្នាក់បានបង្ហើបប្រាប់អ្នកសារព័ត៌មានថា ការដេញថ្លៃបែបប្រកាប់ប្រចាក់គ្នានេះកើតឡើងដោយសារ មានក្រុមហ៊ុនតាមទាមទាទឹកតែ ច្រើនជាពិសេសក្រុមហ៊ុនមកពីក្រៅខេត្តគឺ ទាថ្លៃទឹកតែ ច្រើន ក្នុងមួយសង្កាត់មានក្រុមហ៊ុនមកចុះឈ្មោះ ចូលដាក់ដេញថ្លៃ ចាប់ពី២៥ក្រុមហ៊ុនទៅ៣០ក្រុមហ៊ុន ក៏ប៉ុន្តែអ្នកដែលចង់បានគម្រោងពិតប្រកដ មានតែ៦_៧ក្រុមហ៊ុនប៉ុណ្ណោះ ២០ក្រុមហ៊ុនផ្សេងទៀតគ្រាន់តែមកចុះឈ្មោះឬមកតាមទាទឹកតែប៉ុណ្ណោះ ។
ប្រភពបញ្ជាក់ទៀតថា ក្នុងនោះក៏មានអ្នកមកដើរសម្របសម្រួល ជាមួយអ្នកទាទឹកតែដែរ ដោយទាថ្លៃអ្នកសម្របសម្រួល១៥ភាគរយ ដូច្នេះបើគិតទូទាត់ អ្នកទទួលបានគម្រោងត្រូវចំណាយថ្លៃទឹកតែ និងចាយក្រៅផ្លូវការ អស់៣៥%ទៅ៤០% ទើបមិនត្រូវរូវគ្នា សុខចិត្តដាក់ដេញថ្លៃទាបក្រោម៥០% ទុកលុយអភិវឌ្ឍន៍សង្គមជាតិ ជាជាងចាយលុយ ពុករលួយ៕