ព័ត៌មានជាតិ

សម្ដេច ស ខេង ៖ ការជ្រើសរើសក្របខណ្ឌមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវពិនិត្យគ្រប់ជ្រុងជ្រោយ ចៀសវាងអ្នកភ្នំពេញទៅប្រឡងយកក្របខណ្ឌនៅខេត្ត (Video)

ភ្នំពេញ ៖ សម្រាប់ការជ្រើសរើសក្របខណ្ឌមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាល សម្ដេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំឱ្យពិនិត្យគ្រប់ជ្រុងជ្រោយ ចៀសវាងអ្នកភ្នំពេញទៅប្រឡងយកក្របខណ្ឌនៅខេត្ត ហើយប្ដូរមកភ្នំពេញវិញ ធ្វើឱ្យខេត្តខ្វះមន្រ្តីធ្វើការងារតាមតម្រូវការជាក់ស្ដែង។

នាកាសអញ្ជើញជួបសំណេះសំណាលជាមួយ សិស្សនាយនគរបាល នៅសាលានគរបាលជាតិភូមិភាគទី១ ខេត្តស្ទឹងត្រែង នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ សម្ដេច ស ខេង បានឲ្យដឹងថា បច្ចុប្បន្ន ក្រសួងមហាផ្ទៃ ធ្វើកំណែទម្រង់តម្រូវឱ្យនគរបាលក្របខ័ណ្ឌថ្មីទាំងអស់ ត្រូវឆ្លងកាត់វគ្គបណ្ដុះបណ្ដាលជាដាច់ខាត ហើយមន្រ្តីថ្នាក់ដឹកនាំនគរបាលដែលមិនទាន់បានរៀន ក៏ត្រូវបានរៀបចំវគ្គបណ្ដុះបណ្ដាលជាបន្តបន្ទាប់មកដែរ។

សម្ដេចបន្ដថា មិនឱ្យមានការបណ្ដែតបណ្ដោយពេលយូរសម្រាប់ការចូលរៀនវគ្គនគរបាល នៃក្រុមមន្រ្តីនគរបាលដែលប្រឡងជាប់ និងត្រូវរៀបចំវគ្គវិក្រឹត្យការបន្ថែមទៀតឱ្យបានទៀងទាត់ ធ្វើយ៉ាងណាឱ្យមន្រ្តីនគរបាលទទួលបានចំណេះដឹងពីសាលាហើយ ចេញទៅធ្វើការងារមានបទពិសោធន៍ និងបានវិលមករៀនបន្ថែមដើម្បីពង្រឹងសមត្ថភាព។

សម្ដេច បញ្ជាក់ថា “សូមណែនាំឱ្យពិនិត្យគ្រប់ជ្រុងជ្រោយ ចៀសវាងអ្នកភ្នំពេញទៅប្រឡងយកក្របខណ្ឌនៅខេត្ត ហើយប្ដូរមកភ្នំពេញវិញ ធ្វើឱ្យខេត្តខ្វះមន្រ្តីធ្វើការងារតាមតម្រូវការជាក់ស្ដែង”។

សម្ដេច ស ខេង ក៏បានផ្ដល់ការណែនាំមួយចំនួនទៀតដែរដល់សិស្សនគរបាលជាប់ក្របខ័ណ្ឌថ្មីថា ក្នុងនាមជាមន្រ្តីនគរបាល គឺមិនអាចមិនដឹងពីតួនាទី និងភារកិច្ចរបស់ខ្លួននោះឡើយ ពោលគឺត្រូវដឹង ត្រូវតែចេះឱ្យច្បាស់ និងប្រាកដប្រជា។ សម្ដេច ឧបនាយករដ្ឋមន្ត្រី បានបន្តថា «បើនគរបាលចរាចណ៍ ត្រូវតែដឹង ត្រូវតែចេះពីច្បាប់ចរាចណ៍។ បើនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ឬស្រាលក៏ត្រូវតែចេះច្បាប់ព្រហ្មទណ្ឌ នីតិវិធីព្រហ្មទណ្ឌ។ យើងត្រូវតែដឹង ត្រូវតែចេះ»៕

To Top