ព័ត៌មានជាតិ

ជិត ១សប្ដាហ៍ ពលរដ្ឋតាំងទីលំនៅខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរ ៦៨៩គ្រួសារ ស្ម័គ្រចិត្តទៅរស់នៅ តំបន់ភូមិធម្មជាតិរុនតាឯក

ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា ចាប់ពីថ្ងៃទី១៨-២៣ ខែសីហា ឆ្នាំ២០២២ ប្រជាពលរដ្ឋ តាំងទីលំនៅខុសច្បាប់ ក្នុងតំបន់រមណីដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរអប្សរា ចំនួន ៦៨៩គ្រួសារ ស្ម័គ្រចិត្តទៅរស់នៅតំបន់ភូមិជាតិរុនតាឯក។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងរៀបចំដែន នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ បានឲ្យដឹងថា ក្រុមការងារបច្ចេកទេស បានចុះវាស់វែងក្បាលដីបានចំនួន ២០.០៣១ ក្បាលដី ក្នុងនោះ ក្បាលដីមានសំណង់ចំនួន ១២ ៣១៥ ក្បាលដី, ក្បាលដីគ្មានសំណង់ចំនួន ៦ ៧៣៧ ក្បាលដី ក្នុងទំហំសរុប ៤០ ១១៨ហិកតា នៃទីតាំងទាំងបីដែលស្ថិតក្រោម ការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។

ក្រសួងបន្ដថា ក្រុមការងារ ក៏បំពេញសម្រង់ព័ត៌មានរបស់អ្នកសាងសង់ និងកាន់កាប់ដីបានចំនួន ១៧ ៣២២ គ្រួសារ ហើយប្រជាពលរដ្ឋស្ម័ត្រចិត្ត រុះរើតូបលក់ដូរសរុបចំនួន៤៤ តូប។

ក្រសួងរៀបចំដែនដីបញ្ជាក់ថា «ប្រជាពលរដ្ឋដែលបានតាំង ទីលំនៅខុសច្បាប់សរុបចំនួន ៦៨៩ គ្រួសារ បានស្ម័គ្រចិត្តទៅរស់នៅ តំបន់ភូមិធម្មជាតិរុនតាឯក ក្នុងនោះ ២៣៤គ្រួសារ ស្ថិតនៅភូមិទក្សិណត្បូង និង ៤៥៥គ្រួសារ ស្ថិតនៅភូមិត្រពាំងសេះ និងត្រូវចូលរួមចាប់ឆ្នោតទទួលយកដីឡូត៍ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០២២ ចាប់ពីម៉ោង ៨ និង ៣០ នាទីព្រឹក នៅសាលាខេត្តសៀមរាប»។

សូមរំលឹកថា ដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រង របស់អាជ្ញាធរជាតិអប្សរា ក្រសួងរៀបចំដែនដី បានចាត់បញ្ជូនក្រុមការងារបច្ចេកទេសចំនួន ៦៨ក្រុម មានមន្ត្រីជំនាញសរុបចំនួន ៧៨១ រូប ចុះសហការជាមួយ មន្ត្រីរបស់ក្រសួងវប្បធម៌ចំនួន ៣៥២ រូប ដោយមានការសហការ ជាមួយមន្ត្រីមូលដ្ឋានថ្នាក់ភូមិ រដ្ឋបាលឃុំ សង្កាត់ ក្រុង ស្រុក ចំណុះរដ្ឋបាលខេត្តសៀមរាប ចុះវាស់វែងកំណត់និយាមកាមក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរ នឹងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រង របស់អាជ្ញាធរជាតិអប្សរា ៕

To Top