នយោបាយ

មន្រ្តីជាន់ខ្ពស់បក្សកុម្មុយនីស្តចិន នឹងបន្តប្រតិបត្តិការ សេដ្ឋកិច្ចជាមួយកម្ពុជា ឲ្យកាន់តែខ្លាំងឡើង

ភ្នំពេញ ៖ លោក លីវ ជានចាវ រដ្ឋមន្ត្រីទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនីស្តចិន បានសន្យានៅ ចំពោះមុខសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងឱកាសចូលជួបសម្តែងការគួរសមសម្តេច នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ថា លោកនឹងបន្តអនុវត្តកិច្ច សហប្រតិបត្តិការ សេដ្ឋកិច្ចជាមួយកម្ពុជា ឲ្យកាន់តែខ្លាំងឡើង ។

ការបន្តអនុវត្តកិច្ច សហប្រតិបត្តិការសេដ្ឋកិច្ចជាមួយកម្ពុជា ឲ្យកាន់តែខ្លាំងឡើង ពីសំណាក លោក លីវ ជានចាវ គឺពិសេស ជំរុញការនាំទំនិញកសិផលកម្ពុជា ទៅកាន់ទីផ្សារចិន, ការបង្កើនការហោះហើរត្រង់មកកាន់កម្ពុជា, ការលើកទឹកចិត្តឲ្យអ្នកវិនិយោគចិនមកកាន់កម្ពុជា និងជួយកម្ពុជា លើការអភិវឌ្ឍថាមពលបៃតង ។

ជាការឆ្លើយតប សម្ដេចតេជោ បានយល់ស្របជាមួយលោក លីវ ជានចាវ ដែលថា ការអភិវឌ្ឍសេដ្ឋកិច្ច គឺបម្រើឲ្យសេចក្ដីត្រូវការ របស់ប្រជាជន ។ ក្នុងន័យនេះ សម្ដេចតេជោ បានសូមអរគុណ និងស្វាគមន៍ចំពោះការពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ឲ្យកាន់តែទូលាយថែមទៀត ជាពិសេស លើវិស័យពាណិជ្ជកម្ម, កសិកម្ម, វិនិយោគ, ទេសចរណ៍ ក៏ដូចជាលើវិស័យថាមពលបៃតងផងដែរ ៕

To Top