ភ្នំពេញ ៖ សម្រាប់លទ្ធផល នៃការចរចាប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូបនៅកម្ពុជា សម្រាប់ឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២នេះ ភាគីសហជីព បានដាក់តួលេខចំនួន២១៥ដុល្លារ សម្រាប់ការចរចាបន្តទៀត ខណៈភាគីនិយោជករក្សាតួលេខ១៩៤ដដែល ។ នេះបើតាមលោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីព ចលនាកម្មករកម្ពុជា ។
លោកថា សម្រាប់កិច្ចប្រជុំបន្ទាប់នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២។
សម្រាប់លោក ហ្វា សាលីវិញ ប្រធានសម្ព័ន្ធសហជីពជាតិ បានបង្ហាញក្តីសង្ឃឹមទុកជាមុនថា ប្រាក់ឈ្នួលអប្បបរមារបស់កម្មករឆ្នាំ២០២៣ នឹងកើនច្រើនជាងរាល់ឆ្នាំ ដោយសារផលិតភាពកើន អតិផរណាខ្ពស់ និង ការចំណាយក្នុងការរស់នៅខ្ពស់ ។ លោកថា បើនិយាយពីការ ប្រកួតប្រជែងកម្ពុជា ស្ថិតក្នុងកម្រិតTop 5 ក្នុងនោះប្រទេសស្រីលង្កា និងមីយ៉ាន់ម៉ា មិនមែនជាដៃគូរប្រកួតទៀតឡើយ ។ ប៉ុន្តែភាពមិនប្រាកដប្រជា នៃស្ថេរភាពវិនិយោគនៅមានបញ្ហាខ្លះ ដោយស្ថានភាពសង្គ្រាមអ៊ុយក្រែន-រុស្សី , ចិន-តៃវ៉ាន់ ដែលជាបញ្ហាចម្បង ធំមួយផងដែរ ។
សូមបញ្ជាក់ថា សម្រាប់ប្រាក់ខែកម្មករ នាឆ្នាំ២០២២ គឺចំនួន១៩៤ដុល្លារ ៕