ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ បានបើកដំណើរការ សាងសង់អគារ រដ្ឋបាលបន្ថែម ក្នុងបរិវេណ សាលារាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង លោកស្រី ជាសីណា ឃួងស្រេង ដើម្បីបម្រើតម្រូវការ ជាក់ស្តែង ក្នុងការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ។

ដំណើរការសាងសង់អគារនេះ ប្រព្រឹត្តទៅស្របតាមសេចក្តីត្រូវការ ផ្នែករដ្ឋបាលរាជធានីភ្នំពេញ និងបម្រើប្រជាពលរដ្ឋដែលមកសុំសេវា។ ពិធីក្រុងពាលីនេះ ធ្វើឡើងដើម្បីសុំម្ចាស់ទឹកម្ចាស់ដី និងសេចក្តីសុខសេចក្តីចម្រើន តាមបែបសាសនា បើកការសាងសង់អគារនេះ ចាប់ពីពេលនេះតទៅ ក្នុងគម្រោងឲ្យរួចរាល់ រយៈពេលជាង៦ខែ ។

នេះគឺជាការគិតគូ និងយកចិត្តទុកដាក់ពីលោក ឃួង ស្រេង ក្នុងការរៀបចំឲ្យមន្រ្តី មានកន្លែងធ្វើការសមរម្យ ងាយស្រួលបម្រើសេវា ជូនប្រជាពលរដ្ឋ ជាពិសេសស្របពេលដែល រាជធានីភ្នំពេញ កំពុងមានការអភិវឌ្ឍលើគ្របវិស័យ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ មានការកើនឡើងជាលំដាប់ ក្នុងបរិបទនៃការរីកចម្រើន និងសុខសន្តិភាពពេញផ្ទៃប្រទេស ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា៕





