ព័ត៌មានជាតិ

ផ្តន្ទាទោសបុរសជាប់ចោទ ហ្វីលីពីនម្នាក់ ដាក់គុក១០ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការចាក់សម្លាប់ ប្អូនស្រីបង្កើត និង ប្អូនថ្លៃប្រុស ២នាក់ នៅភ្នំពេញ

ភ្នំពេញ៖ លោកស្រីយី សុខវួច ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃ សាលាដំបូងរាជធានីភ្នំពេញ កាលពី រសៀលថ្ងៃ ទី ២៤ ខែ សីហា ឆ្នាំ ២០២២ បានប្រកាសសាលក្រម សម្រេចផ្តន្ទាទោស បុរសជាប់ចោទ ជនជាតិហ្វីលីពីន វ័យចំណាស់ម្នាក់ ដាក់គុក កំណត់ ១០ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការចាក់សម្លាប់ ប្អូនស្រីបង្កើត និង ប្អូនថ្លៃប្រុស ចំនួន២នាក់ បណ្តាលឲ្យស្លាប់ យ៉ាងអាណោចអាធ័ម នៅក្នុងថ្លុកឈាម ដោយសារតែ ជម្លោះពាក្យសម្តីគ្នា ប្រព្រឹត្ត កាលពីអំឡុងខែ កញ្ញា ឆ្នាំ ២០២១ នៅក្នុង រាជធានីភ្នំពេញ។

លោកស្រីចៅក្រមសុខវួច បានថ្លែងឱ្យដឹង នៅក្នុងអង្គសវនាការថា ជនជាប់ចោទរូបនេះ មានឈ្មោះ Yabes Fermin JR Suyat ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិហ្វីលីពីន និង មានមុខរបរមុនចាប់ខ្លួន ជាពាណិជ្ជករ ។

ជនជាប់ចោទត្រូវបានជាប់ចោទពីបទ: ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារមរណភាពជនរងគ្រោះ តាមបញ្ញត្តិមាត្រា ២២៤ នៃ ក្រមព្រហ្មទណ្ឌ ។

ជនជាប់ចោទត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០២១ បន្ទាប់ពីគាត់ ចាក់សម្លាប់ជនរងគ្រោះ ទាំង២នាក់ បណ្តាលឲ្យស្លាប់ យ៉ាងអាណោចអាធ័ម ដោយសារជម្លោះពាក្យសម្តីនឹងគ្នា កើតហេតុ កាលព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ នៅផ្ទះលេខ២៥ ផ្លូវ ១០៣ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ៕ដោយ: លីហ្សា

To Top