ភ្នំពេញ៖ លោក មីកាមិ ម៉ាសាហ៉ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានបង្ហាញក្ដីសង្ឃឹមថា ទៅថ្ងៃអនាគតខ្លួន (ជប៉ុន) នឹងមានស្ថានសេនានុព័ន្ធកម្លាំង ស្វ័យការពារជាតិជប៉ុនប្រចាំនៅកម្ពុជា ខណៈបច្ចុប្បន្នស្ថានសេនានុព័ន្ធ កម្លាំងស្វ័យការពារជាតិជប៉ុន មាននិវេសនដ្ឋាននៅទីក្រុងហាណូយ ប្រទេសវៀតណាម។
ក្នុងឱកាសចូលជួបពិភាក្សាការងារ ជាមួយនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ លោក មីកាមិ ម៉ាសាហ៉ីរ៉ូ បានផ្តល់ការជឿជាក់ ចំពោះបេសកម្មការទូតរបស់លោកវរសេនីយ៍ឯក អ៊ីស៊ីហារ៉ា ម៉ាសៅថា នឹងបន្តកិច្ចសហប្រតិបត្តិការយ៉ាងសកម្ម ដូចសេនាអនុព័ន្ធមុនដែរ បើទោះបីបច្ចុប្បន្នសេនានុព័ន្ធ ស្វ័យការពារជាតិជប៉ុនប្រចាំកម្ពុជា មាននិវេសនដ្ឋាននៅវៀតណាមក្តី។
ឯកអគ្គរដ្ឋទូតជប៉ុនសង្ឃឹមថា “ទៅថ្ងៃអនាគតជប៉ុន នឹងមានស្ថានសេនានុព័ន្ធ កម្លាំងស្វ័យការពារជាតិជប៉ុន ប្រចាំនៅកម្ពុជា”។
ជាកិច្ចឆ្លើយតប ពាក់ព័ន្ធដល់កិច្ចសហ ប្រតិបត្តិការលើវិស័យយោធា នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណដល់មិត្តជប៉ុន ដែលបានជួយបណ្ដុះបណ្ដាលធនធានមនុស្ស ក្នុងកងយោធពលខេមរភូមិន្ទ ធ្វើឲ្យកងយោពលខេមរភូមិន្ទមានសមត្ថភាព និងរួមចំណែកនៅក្នុងបេសកកម្មថែរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ។
នាយឧត្តមសេនីយ៍ ក៏បានស្នើជប៉ុន បន្តជួយកសាងធនធានមនុស្ស ក្នុងកងយោពលខេមរភូមិន្ទបន្តទៀត រួមទាំងការជួយឧបត្ថម្ភសម្ភារៈផ្សេងៗ ដែលអាចជួយបាន ពិសេសសម្ភារៈជួយសង្គ្រោះ គ្រោះមហន្តរាយ ៕