ព័ត៌មានជាតិ

គោមួយក្បាល ដើរស៊ីស្មៅ ជាន់មីនផ្ទុះងាប់ នៅតាមព្រំដែនកម្ពុជា-ថៃ សំណាងល្អ អ្នកឃ្វាល មិនមានរងរបួស

បន្ទាយមានជ័យ : នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១៣:៥០នាទី សត្វគោរបស់ពលរដ្ឋថៃ បានដើរស៊ីស្មៅ ក្នុងព្រៃចំការមីន ហើយបានជាន់ផ្ទុះ បណ្តាលឲ្យងាប់ខ្ទេចខ្លួន ត្រង់ចំនុច មុខភូមិសាស្ត្រ ភូមិល្បើកស្វាយ ឃុំល្បើកស្វាយស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ (ខាងកម្ពុជា) ទល់មុខភូមិណងយ៉ាកែវ ឃុំណងយ៉ាកែវ ស្រុកគោកធ្យូង (ខាងថៃ) រីឯសត្វគោផ្សេងទៀត ជាហ្វូងជាមួយគ្នា បានផ្អើលរត់ចេញ ក្រៅចំការមីនអស់ ។

ជុំវិញហេតុការណ៍នេះ លោកវរសេនីយ៍ឯក សូ ចាន់ណារី មេបញ្ជាការវរនគរបាល ការពារព្រំដែនគោគ លេខ៩១១ បានឲ្យដឹងថា ពិតជាមានករណីសត្វគោ ដើរជាន់មីន នៅតាមព្រំដែនចំនុចខាងលើមែន តែសត្វគោនោះ គឺជារបស់ពលរដ្ឋថៃ ដែលគេដើឃ្លាល ឲ្យស៊ីស្មៅ តែវាបានចូលចំ ចំនុចចំការមីន ទើបបណ្តាលឲ្យជាន់មីនផ្ទុះឆេះខ្ទេច សល់តែក្បាល និងសាច់១កំភ្លៅ ។ ភ្លាមនោះកម្លាំងនគរបាល និងយោធា ក៏បានចុះពិនិត្យស្ថានភាព ទីតាំងកើតហេតុ ឃើញថា ស្លាប់តែសត្វគោ ពុំមានបណ្តាលឲ្យពលរដ្ឋណារងរបួសឡើយ ។

លោកវរសេនីយ៍ឯក សូ ចាន់ណារី ក៏បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ ដែលដើរឃ្វាលគោ និងពលរដ្ឋដែលដើរកសត្វ ដើរបេះបន្លែ ជីកទំពាំងឬយកឃ្មុំលក់ ត្រូវមានស្មារតីប្រុងប្រយ័ត្នទ័ពឲ្យបានខ្ពស់ ព្រោះចំនុចខ្លះតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅមានមីនសល់ពីសម័យសង្គ្រាម បើមិនប្រយត្ន័វានឹងបង្កអន្តរាយ របួស ពិការ និងស្លាប់បាត់បង់ជីវិតបាន ៕

To Top