ព័ត៌មានជាតិ

ធនាគារជាតិនៃ កម្ពុជា នឹងចាត់វិធានការចំពោះ កម្ចីខុសច្បាប់ តាមប្រព័ន្ធអនឡាញ

ភ្នំពេញ ៖ ធនាគារជាតិ នៃកម្ពុជា ប្រកាសចាត់វិធានការ តាមផ្លូវច្បាប់ចំពោះ «កម្ចីខុសច្បាប់» តាមអនឡាញ បណ្ដាញសង្គម ឬផ្សព្វផ្សាយតាមខិត្តប័ណ្ណ និងបិតផ្សាយតាមទីកន្លែង សាធារណៈនានា ជាដើម ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ធនាគារជាតិ នៃកម្ពុជា នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២នេះ បានឲ្យដឹងថា គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដែលទទួលបានអាជ្ញា បណ្ណប្រកបអាជីវកម្មពីធនាគារជាតិ នៃកម្ពុជា រួមមាន៖ ធនាគារពាណិជ្ជ, ធនាគារឯកទេស, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ គ្រឹះស្ថាន ឥណទានជនបទ គឺជាប្រភេទគ្រឹះស្ថានស្របច្បាប់ និងផ្លូវការដែលអាចផ្តល់ឥណទាន ឬសេវាពាក់ព័ន្ធផ្សេងទៀតដល់ក្រុមហ៊ុន សហគ្រាស និងឯកត្តជន ។ គ្រឹះស្ថានទាំងនេះ ស្ថិតនៅក្រោមការត្រួតពិនិត្យរបស់ ធនាគារជាតិនៃកម្ពុជា ហើយអតិថិជនរបស់គ្រឹះស្ថានទាំងនេះ ក៏ត្រូវបានការពារដោយច្បាប់ផងដែរ។

ធនាគារជាតិ សង្កេតឃើញថា មានជនខិលខូចមួយចំនួនបាន ផ្សព្វផ្សាយយ៉ាងបើកចំហ និងផ្តល់ឥណទានដល់ប្រជាពលរដ្ឋតាមរូបភាពផ្សេងៗជាច្រើន ដូចជា៖ ប្រព័ន្ធអនឡាញ បណ្តាញសង្គម ការផ្សព្វផ្សាយតាមខិត្តប័ណ្ណ និងការបិតផ្សាយតាមទីកន្លែង សាធារណៈនានាជាដើម។ ការផ្តល់ឥណទានដោយក្រុមហ៊ុន ឬបុគ្គលដែលគ្មានអាជ្ញាបណ្ណទាំងនេះ គឺជាសកម្មភាពល្មើសនឹងច្បាប់ ជាធរមាន ជាពិសេស ច្បាប់ស្តីពី គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ។

ធនាគារជាតិ បន្ថែមថា ដើម្បីចៀសវាងពីការបោកប្រាស់ក្រោមរូបភាពណាមួយ ឬផលវិបាកផ្សេងៗពី ការទទួលបានឥណទានកផ្លូវការ និងដើម្បីរក្សាស្ថិរភាព ក៏ដូចជាជំនឿទុកចិត្ត របស់សាធារណជនក្នុងប្រព័ន្ធធនាគារ ធនាគារជាតិនៃកម្ពុជា បានស្នើដល់សាធារណជន ទាំងអស់មេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត និងលើកទឹកចិត្តឱ្យប្រើប្រាស់តែសេវា របស់គ្រឹះស្ថានផ្លូវការតែប៉ុណ្ណោះ។

ធនាគារជាតិ នៃកម្ពុជាថ្កោលទោស ចំពោះការផ្សព្វផ្សាយព័ត៌មាន និងការផ្តល់ឥណទានក្រៅផ្លូវការ ខុសច្បាប់គ្រប់រូបភាព។ ទន្ទឹមនេះ ធនាគារជាតិនៃកម្ពុជា កំពុងសហការជាមួយអាជ្ញាធរ មានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីចាត់វិធានការ តាមផ្លូវច្បាប់ ចំពោះក្រុមហ៊ុន ឬបុគ្គល ដែលធ្វើសកម្មភាពល្មើសនានា តាមនីតិវិធីច្បាប់ជាធរមាន ៕

To Top