នយោបាយ

កម្ពុជា-ចិន ប្រកាស អនុវត្តគម្រោង កញ្ចប់ នៃក្តីស្រលាញ់

គម្រោងកញ្ចប់ នៃក្តីស្រលាញ់ ត្រូវបានប្រកាសដាក់ឲ្យអនុវត្ត ក្រោមកិច្ចសហប្រតិបត្តិការ រវាងវេទិកាសម្ព័ន្ធ សង្គមស៊ីវិល និង មូលនិធិចិន ដើម្បីសន្តិភាព និងការអភិវឌ្ឍ ដែលត្រូវបានរៀបចំឡើង នៅក្នុងខេត្តតាកែវ កាលពីព្រឹកថ្ងៃទី២៥ សីហា ២០២២ ។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក Liu Jianchao រដ្ឋមន្ត្រីទំនាក់ទំនង អន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្ស កម្មុយនីស្តចិន ដែលអញ្ជើញមកបំពេញ ទស្សនកិច្ច នៅកម្ពុជា រួមនឹង លោក ជា វណ្ណដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយស្រុកបាទី ខេត្តតាកែវ ព្រមទាំង លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា មន្ត្រីសំខាន់ៗនៃប្រទេសទាំងពីរ ព្រមទាំងប្រជាពលរដ្ឋ សិស្សានុសិស្សយ៉ាងច្រើនកុះករ នាសាលាបឋមសិក្សាអង្គកំនប់ ស្ថិតនៅក្នុងភូមិតានន ឃុំដូង ស្រុកបាទី ខេត្តតាកែវ ។

លោក Liu Jianchao បានមានប្រសាសន៍ក្នុងឱកាសនោះថា ក្នុងរយៈពេលប៉ុន្មាន ឆ្នាំចុងក្រោយមកនេះ អង្គការសង្គស៊ីវិលប្រទេសទាំងពីរ បានអនុវត្តគម្រោងកិច្ច សហប្រតិបត្តិការជាច្រើន លើវិស័យកាត់ បន្ថយភាពក្រីក្រ អប់រំ បច្ចេកទេស និង សុខាភិបាលជាដើម ដើម្បីបំពេញតម្រូវ ការរបស់ប្រជាជន និង ផ្តល់ផលប្រយោជន៍ ដល់ប្រទេសកម្ពុជា រួមទាំងការតភ្ជាប់ដួងចិត្ត រវាងប្រទេសទាំងពីរ ហើយបានលើកកម្ពស់ ជីវភាពរស់នៅ របស់ប្រជាជនយើងទាំងពីរ ដោយជាក់ស្តែង ។

លោកបានគូសបញ្ជាក់ថា ចិននិងកម្ពុជាគឺជាមិត្តពិតប្រាកដ ជាអ្នកជិតខាងល្អ និងជាបងប្អូន ដោយលោកជឿជាក់ថា គម្រោងកញ្ចប់នៃក្តីស្រលាញ់ នឹងក្លាយជា សមិទ្ធផលមួយទៀត នៃមិត្តភាពចិននិងកម្ពុជា ធ្វើឲ្យប្រជាជនកម្ពុជានិងចិន កាន់តែជិតស្និទ្ធ ធ្វើឲ្យសិស្សានុសិស្សកម្ពុជា កាន់តែពោរ ពេញដោយក្តីសង្ឃឹម ហើយធ្វើឲ្យរឿងនិទាន នៃមិត្តភាពចិននិងកម្ពុជាបន្តទៅមុខទៀត ព្រមទាំងធ្វើឲ្យមនោសញ្ចេតនា រួមសុខរួមទុក្ខគ្នា រវាងប្រជាជនយើងទាំងពីរ បន្តពីមួយជំនាន់ ទៅមួយជំនាន់ទៀត ។

លោក ជា វណ្ណដេត បានមានប្រសាសន៍ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាលនិងប្រជាជនចិន ដែលតែងតែគាំទ្រ ដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក្នុងនាមជាមិត្តល្អ មិត្តប្រវត្ថិសាស្ត្រ និងជាអ្នកជិតខាងល្អ ។

លោកបានបន្តថា គម្រោងកិច្ចសហប្រតិបត្តិការ រវាងអង្គការសង្គមស៊ីវិលនៃប្រទេសទាំងពីរ កម្ពុជា និងចិន នាពេលកន្លងមក មិនត្រឹមតែផ្តល់ ផលប្រយោជន៍ពិតប្រាកដ និងដោយផ្ទាល់ជាច្រើន ដល់ប្រជាពលរដ្ឋកម្ពុជា នៅមូលដ្ឋាន តាមរយៈការលើកកម្ពស់ សុខាមាលភាព និងកាត់បន្ថយភាពក្រីក្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែក ក្នុងការជំរុញទំនាក់ទំនង រវាងប្រជាជននិងប្រជាជន នៃប្រទេសទាំងពីរ ឲ្យកាន់តែជិតស្និទ្ធថែមទៀត ដែលជាផ្លែផ្កា នៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល នៃប្រទេសទាំងពីរ ក្នុងការពង្រឹង ពង្រីក ទំនាក់ទំនងនិងកិច្ច សហប្រតិបត្តិការទ្វេភាគី ក្នុងឋានៈជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលទាំងនេះស្របនឹងគំនិតផ្តួចផ្តើម ខ្សែក្រវាត់និងផ្លូវ របស់ប្រធានរដ្ឋចិន Xi Jinping ដែលមានចក្ខុវិស័យវែងឆ្ងាយ ក្នុងការជំរុញគោលនយោបាយបើកចំហរចិន និងការកសាងមិត្តភាព និង សហប្រតិបត្តិការក្នុងតំបន់ និងជុំវិញពិភពលោក ឲ្យកាន់តែទូលំទូលាយថែមទៀត សំដៅកសាងសហគមមួយ ដែលមានអនាគតរួមគ្នាតែមួយ ។

បន្ទាប់ពីបញ្ចប់ការថ្លែង សុន្ទរកថា លោក Liu Jianchao បានប្រគល់ ជូនកញ្ចប់ នៃក្តីស្រលាញ់ចំនួន ១ម៉ឺនកញ្ចប់ ជានិមិត្តរូប
ជូនដល់ភាគីអង្គការ សង្គមស៊ីវិលកម្ពុជា ហើយបានអញ្ជើញរួមគ្នា ជាមួយលោក ជា វណ្ណដេត ប្រគល់កញ្ចប់ នៃក្តីស្រលាញ់ជានិមិត្តរូប ជូនដល់សិស្សានុសិស្ស ដោយបានបំពាក់កាតាបស្ពាយ និង ផ្តល់កញ្ចប់ នៃក្តីស្រលាញ់ ។ បន្ទាប់មក គណៈប្រតិភូបានអញ្ជើញ ពិនិត្យមើលវឌ្ឍនភាព នៃគម្រោងក្រោមជំនួយពីភាគីចិន ដូចជា អគារសិក្សា និង គម្រោងមិត្តភាព កម្ពុជាចិន កាត់បន្ថយភាពក្រីក្រ ដែលទាក់ទងនឹងការវឌ្ឍនភាព នៃការកសាងបណ្តាញផ្លូវថ្នល់ ភ្លើង និង ទឹកប្រើប្រាស់ សម្រាប់ប្រជាជនរស់នៅក្នុងមូលដ្ឋាន ហើយក៏មានពិធីជួបសំណេះសំណាល់ជាមួយប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិតានន ឃុំដូង ស្រុកបាទី លើកឡើងពីការថ្លែងអំណរគុណ និងសំណូមពរផ្សេងៗ ដើម្បីបន្តបង្កើត ឲ្យមានគម្រោងថ្មីៗបន្ថែមទៀត លើកស្ទួយជីវភាពប្រជាពលរដ្ឋ នៅតំបន់នោះ និងតំបន់ជនបទផ្សេងៗទៀត នៅកម្ពុជា៕ (ដោយ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន)

To Top