ភ្នំពេញ ៖ យោងតាមលទ្ធផល នៃប្រតិបត្តិការស្រាវជ្រាវស្វែងរកជនបរទេស តាមបណ្ដឹងរាយការណ៍ចូលប្រព័ន្ធ Hotline ក្រុមការងារ សម្ដេចក្រឡាហោម ស ខេង របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ចាប់ពីថ្ងៃទី២៣-២៦ ខែសីហា ឆ្នាំ២០២២ សមត្ថកិច្ច ធ្វើការស្រាវជ្រាវស្វែងរកជនបរទេសចំនួន ៤ករណី ពាក់ព័ន្ធករណីបង្ខាំងមនុស្ស ដើម្បីបំរើការងារឱ្យក្រុមហ៊ុន នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។

ការអនុវត្តស្រាវជ្រាវស្វែងរកជនបរទេសនេះ ធ្វើឡើងតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។
-ករណីទី១ នៅថ្ងៃទី២៣ សីហា បន្ទាប់ពីធ្វើការស្រាវជ្រាវ និងសាកសួរ ជនរងគ្រោះ បានឱ្យដឹងថា ខ្លួនត្រូវបានគេចាប់បង្ខាំងដោយខុសច្បាប់ ប្រើហិង្សា កំហែងយកជួញដូរកម្លាំងពលកម្ម និងកាន់កាប់អាវុធដោយខុសច្បាប់។ ក្នុងកិច្ចប្រតិបត្តិការនេះដែរ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជនជាតិចិនចំនួន ៨នាក់ ជាបន្តបន្ទាប់ ក្នុងនោះកម្លាំងសមត្ថកិច្ចបានដកហូតបានអាវុធខ្លីម៉ាក ZORAKI ចំនួន១ដើម។

-ករណីទី២ នៅថ្ងៃទី២៤ សីហា បន្ទាប់ពីធ្វើការស្រាវជ្រាវសាកសួរជនរងគ្រោះ និងអ្នកគ្រប់គ្រង បានឱ្យដឹងថា ករណីនេះមិនមែនជាករណីបង្ខាំង ឬជួញដូរមនុស្សដោយខុសច្បាប់នោះទេ ដោយជនរងគ្រោះ បានចូលធ្វើការនៅក្នុងក្រុមហ៊ុនជាធម្មតា តែដោយគាត់មិនពេញចិត្តនឹងការងារ និងមិនអាចចេញដើរហើរទៅខាងក្រៅក្រុមហ៊ុនដោយសេរីបាន ទើបពួកគាត់ប្តឹងស្នើសុំឱ្យយកពួកគាត់ចេញពីក្រុមហ៊ុន ដែលពួកគាត់កំពុងធ្វើការ ដើម្បីអាចត្រឡប់ទៅប្រទេសកំណើតវិញ។

-ករណីទី៣ ដោយអនុវត្តតាមបណ្ដឹងរាយការណ៍ចូលប្រព័ន្ធ Hotline ក្រុមការងារសម្ដេចក្រឡាហោម ស ខេង កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានខិតខំព្យាយាមធ្វើការស្រាវជ្រាវ និងទាក់ទងទៅអ្នកដែលបានប្ដឹង ដើម្បីទទួលបានពត៌មានបន្ថែមអំពីទីតាំងរបស់ជនរងគ្រោះ តែមិនមានការឆ្លើយតប (សាម៉ីខ្លួនព្យាយាមមិនសហការជាមួយសមត្ថកិច្ច) កម្លាំងជំនាញកំពុងបន្តការស្រាវជ្រាវ។

-ករណីទី៤ នៅថ្ងៃទី២៦ សីហា បន្ទាប់ពីធ្វើការស្រាវជ្រាវ សាកសួរជនរងគ្រោះ និងអ្នកគ្រប់គ្រង បានឱ្យដឹងថា ករណីនេះមិនមែនជាករណី បង្ខាំង ឬជួញដូរមនុស្សដោយខុសច្បាប់នោះទេ ដោយជនរងគ្រោះបានចូលធ្វើ ការនៅក្នុងក្រុមហ៊ុនជាធម្មតា តែដោយគាត់មិនពេញចិត្តនឹងការងារ និងមិនអាចចេញដើរហើរទៅខាងក្រៅក្រុម ហ៊ុនដោយសេរីបាន ទើបពួកគាត់ប្តឹងស្នើសុំឱ្យយកពួកគាត់ចេញពីក្រុមហ៊ុន ដែលពួកគាត់កំពុងធ្វើការ ដើម្បីអាចត្រឡប់ទៅប្រទេសកំណើតវិញ។ ពួកគេក៏បានសំណូមពរចង់ត្រឡប់ទៅប្រទេសកំណើតវិញ។

ចំពោះជនរងគ្រោះ និងជនសង្ស័យពាក់ព័ន្ធនឹងការណីទាំង៤នេះ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ត្រូវបានបញ្ជូនទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងបានកំពុងបន្តអនុវត្តទៅតាមច្បាប់ និងនីតិវិធីជាធរមាននៃព្រះរាជាណាចក្រកម្ពុជា៕
